ឱសថស្ថានណាដែលលក់ម៉ាសថ្លៃហួសហេតុ នឹងប្រឈមមុខការព្យួរមិនឱ្យបន្តប្រកបវិជ្ជាជីវៈ តទៅទៀត
សេចក្តីប្រកាសព័ត៌មានរបស់គណៈឱសថការីកម្ពុជា ស្តីអំពី ការអនុវត្តក្រមសីលធម៌ឱសថការី បានចេញផ្សាយនៅរសៀលថ្ងៃទី០៩ ខែមីនា។ ដោយ គណៈឱសថការីកម្ពុជា សូមក្រើនរំលឹកដល់ឱសថការីទទួលបន្ទុកបច្ចេកទេសនៃគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង “ក” ទាំងអស់មិនត្រូវលក់ម៉ាសថ្លៃហួសហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនយើង និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រព្រមទាំងកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឱសថការីកម្ពុជាជាដាច់ខាត។
ក្នុងករណីដែលគណៈឱសថការីកម្ពុជា បានរកឃើញថា គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង “ក” ណាមួយលក់ម៉ាសថ្លៃហួសហេតុ គណៈឱសថការីកម្ពុជា នឹងមានវិធានការខាងវិន័យដោយព្យួរបញ្ជីគណៈឱសថការីកម្ពុជាមិនឲ្យបន្តប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវេជ្ជសាស្ត្រទៀតឡើយ។ គណៈឱសថការីកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ឱសថការីទាំងអស់ នឹងគោរពក្រមសីលធម៌ឱសថការីឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងម្ចាស់ទុនទាំងអស់នឹងចូលួមសហការអនុវត្តអោយបានល្អប្រសើរ៕

ប្រភព៖ គណៈឱសថការីកម្ពុជា