បងប្អូន ២នាក់ប្រឈមនឹងជាប់គុក ៧ឆ្នាំ ក្រោយពួកគេព្យាយាមលាក់បាំងរោគសញ្ញាឆ្លង Covid-19
បងប្អូនបង្កើត និងជាអ្នកឆ្លងមេរោគ Covid-19 ចំនួន ២នាក់ប្រឈមនឹងការជាប់គុកចំនួន៧ឆ្នាំ ក្រោយពួកគេបានព្យាយាមលាក់បាំងពីរោគសញ្ញានៃការឆ្លងមេរោគ ដើម្បីទទួលបានការអនុញ្ញាតឲ្យធ្វើដំណើរទៅក្រៅប្រទេស។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Worldofbuzz បានឲ្យដឹងថា បងប្អូន ២រូបនេះជាជនជាតិចិនដោយម្នាក់មានឈ្មោះថា Liao Moujun និងម្នាក់ទៀតឈ្មោះ Liao Mouhai។ បងប្អូនទាំង ២នាក់បានរៀបគម្រោងទៅដើរកំសាន្តនិងធ្វើអាជីវកម្មខ្លះផងក្នុងប្រទេសអ៊ីតាលីតាំងពីមុនផ្ទុះការរាតត្បាតមេរោគ Covid-19 ខ្លាំងម្លេះ ដោយពួកគេបានទិញសំបុត្រយន្តហោះ និងកក់សណ្ឋាគាររួចរាល់។ ប្រភពខាងលើបានបន្តថា មុនពេលដែលពួកគែចេញដំណើរពីចិនទៅអ៊ីតាលី ពួកគេមានអាការក្តៅខ្លួនខ្លាំងដែលជាសញ្ញាមួយនៃការឆ្លងមេរោគ Covid-19 រួចទៅហើយ តែពួកគេបានព្យាយាមលេបថ្នាំបញ្ចុះកំដៅជាច្រើនគ្រាន់ ដើម្បីឲ្យមន្ត្រីនៅប្រលានយន្តហោះពិនិត្យឃើញថាពួកគេមានសុខភាពធម្មតា។

លុះពេលដែលពួកគេត្រលប់ពីអ៊ីតាលីមកដល់ទឹកដីចិនវិញ ស្រាប់តែគេបានរកឃើញថា ពួកគេបានឆ្លងមេរោគ Covid-19 ជាច្រើនថ្ងៃមកហើយ ពោលគឺឆ្លងតាំងពីនៅទឹកដីចិនម្លះ។ ក្រោយការសាកសួរពីមន្ត្រីប៉ូលិស បងប្អូនទាំង ២នាក់បានសារភាពថា ពួកគេពិតជាមានចេតនាលាក់បាំងរោគសញ្ញាក្តៅខ្លួនមែន ព្រោះពួកគេមិនចង់ខកខានការធ្វើដំណើរនេះទេ និងគិតថាចាំពេលត្រលប់មកវិញចាំទៅពិនិត្យឈាមរកមេរោគ Covid-19។ បច្ចុប្បន្ន បងប្អូនទាំង ២នាក់ត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេដើម្បីទទួលបានការព្យាបាល ខណៈអ្នកដំណើរ ៨ រូបផ្សេងទៀតដែលជិះយន្តហោះជាមួយគ្នាក៏កំពុងត្រូវបានគេតាមដានសុខភាពដែរ។ បើតាមច្បាប់នៅក្នុងប្រទេសចិន បងប្អូនទាំង ២នាក់ខាងលើនេះត្រូវប្រឈមនឹងការជាប់គុករហូតដល់ ៧ ឆ្នាំ៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz

