តោះជួយគាំទ្រផលិតផលក្នុងស្រុក! កន្ទេលផ្អាវស្អាតៗ ដែលលោកយាយៗនៅស្រុកអង្គរធំ ខេត្តសៀមរាប ធ្វេីពិបាកទំរាំបានមួយៗ ចំណាយពេលច្រេីនរហូតដល់២០ទៅ៣០ថ្ងៃទើបរួចរាល់
សៀមរាប៖ មានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវកន្ទេលផ្អាវ ដែលលោកយាយៗនៅស្រុកអង្គរធំ ខេត្តសៀមរាប មានវ័យចាស់ជរាហើយនៅតែបន្តខំធ្វើការរកលុយចិញ្ចឹមជីវិតទៀត ដោយលោកយាយៗមានភាពអត់ធ្មត់ក្នុងការរកដើមផ្អាវអង្គុយត្បាញជាមួយភាពអំណត់ និងអត់ធ្មត់។

ដោយទំរាំតែបានលេចរូបរាងចេញជាកន្ទេលនីមួយៗគឺមិនងាយទេ ពួកគាត់ត្រូវកាប់ដើមផ្អាវនៅក្នុងព្រៃបន្ទាប់មកត្រូវអង្គុយច្រៀកវាជាសរសៃតូចៗ រួចយកទៅជ្រលក់ពណ៌ ហើយកន្ទេលមួយត្រូវប្រើរយៈពេលធ្វើចន្លោះពី២០ ទៅ៣០ថ្ងៃទើបរួចរាល់បានមួយ ហើយតម្លៃកន្ទេលត្រូវគិតតាមខ្នាត ចាប់ពី៦ម៉ឺនឡើងទៅ។
នេះបើយោងតាមការបង្ហោះរបស់ គណនីហ្វេសប៊ុកឈ្មោះ Phanny Ch បានសរសេររៀបរាប់ថា៖ “នំអន្សមផ្អាវ គមផ្អាវ អំបោសផ្អាវ ធ្លាប់ឃេីញធ្លាប់ញាំធ្លាប់ប្រេី ប៉ុន្តែមិនដែលបានឃេីញកន្ទេលផ្អាវស្អាតៗបែបនេះទេ ធ្វេីពិបាក ចំណាយពេលច្រេីន និងតម្រូវឱ្យត្បាញពេលយប់ដោយសារពេលថ្ងៃផ្អាវស្រួយពិបាកត្បាញ។ កន្ទេលផ្អាវស្រស់ស្អាតទាំងអស់នេះត្បាញដោយក្រមុំៗ ស្រុកអង្គរធំ ខេត្តសៀមរាប។ លេខទូរស័ព្ទទំនាក់ទំនង 089 536 983″។ សូមបងប្អូនជួយគាំទ្រ សិប្បកម្ម ផលិតផលក្នុងស្រុកអោយបានច្រើន ក៏ដូចជាជួយផ្តល់កម្លាំងចិត្តឲ្យពួកគាត់បន្តធ្វើអាជីពទាំងអស់នោះតទៅថ្ងៃមុខទៀត៕




ប្រភព៖ Phanny Ch
ដោយ៖ ណារ៉ែន