កម្ពុជា ត្រៀមថវិកាប្រមាណ ៨០០ ទៅ ២០០០ លានដុល្លារ សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិឌ-១៩
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកាបម្រុងប្រមាណពី ៨០០ ទៅ ២០០០លានដុល្លារអាមេរិក សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិឌ-១៩ នៅក្នុងប្រទេសកម្ពុជា។ នេះយោងតាមប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាស សម្តេចតេជោ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាប័ត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ នៅកោះពេជ្រ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះ។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសុំឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេករហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯងដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួន។ ប្រសិនបើបងប្អូនមានអាការៈសុខភាពខុសពីប្រក្រតីដូចជាអាការៈក្តៅខ្លួនខ្លាំងជាប្រចាំ ឬមានក្អកខ្លាំងជាប្រចាំ សូមទៅជួបពិភាក្សាពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ មិនត្រូវលាក់ទុកទេ។ ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋត្រូវតែសហការអោយបានល្អជាមួយមន្ទីរពេទ្យដែលកំពុងរង់ចាំបម្រើបងប្អូន៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister
ដោយ៖ ណារ៉ែន