ស្ត្រីម្នាក់ស្លាប់ចោលកូន ក្រោយជិះម៉ូតូត្រឡប់មកពីសួរសុខទុក្ខប្តីនៅកន្លែងធ្វើការ ក៏ត្រូវរថយន្តបុកហើយបើកគេចខ្លួនបាត់ បន្សល់តែសពកណ្ដាលផ្លូវយ៉ាងអាណោចអាធ័ម
ភ្នំពេញ ៖ អាសូរជីវីតលើដងផ្លូវ! ស្ត្រីម្នាក់បានស្លាប់ចោលកូនឲ្យនៅកំព្រាចំនួន២នាក់ យ៉ាងកណ្តោចកន្តែង ខណៈជិះម៉ូតូមួយគ្រឿងទើបត្រឡប់មកពីសួរសុខទុក្ខប្តីនៅកន្លែងធ្វើការនៅឯកំបូលត្រូវរថយន្តបើកបុកនិងកិនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌នៅលើផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៦:៣៥នាទីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ នៅចំណុចក្បែរនឹងស្ថានីយ៍ទូរទស្សន៍PNN ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប៉ោ ចន្ថា ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺស្ត្រីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកZoomerXពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1FB-8106បើកបរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកើតបំណងត្រឡប់ទៅផ្ទះដោយមានទិញរបស់របរផ្ញើកូននៅឯផ្ទះផង តែជាអកុសលត្រូវរថយន្តមិនចាំម៉ាកបុកនិងកិនបណ្តាលឲ្យស្លាប់តែម្តង ក្រោយបង្កហេតុរួចដោយសភាពផ្លូវងងឹតនិងស្ងាត់ផងនោះរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្តង។
ប្រភពដដែលបានបន្តថាក្រោយមានគ្រោះថ្នាក់បណ្តាលឲ្យមានមនុស្សស្លាប់រួចមក ស្រាប់តែមានជនខិលខូចមកលួចដោះយកគ្រឿងអលង្កាពីខ្លួនជនរងគ្រោះអស់ថែមទៀត។ តាមសំដីសាច់ញាតិបានប្រាប់ថាជនរងគ្រោះទើបត្រឡប់មកពីលេងនៅកន្លែងធ្វើការប្តីនៅឯកំបូលពេលត្រឡប់មកផ្ទះវិញទើបជួបគ្រោះថ្នាក់បែបនេះ។ ក្រោយពេលកើតហេតុខាងលើនេះសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយសាច់ញ្ញាតិដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅឯស្រុកកំណើត៕
អត្ថបទ៖ បងម៉េង ខ្មែរណូត