ថ្ងៃស្អែកនេះ អាជ្ញាធរខេត្តសៀមរាប នឹងធ្វើយុទ្ធនាការសម្អាត និងបាញ់ថ្នាំសម្លាប់វីរុស COVID-19
យោងតាមការបញ្ជាក់នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប ដែលបានចេញផ្សាយ នៅវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត នឹងអញ្ជើញដឹកនាំមន្ត្រីជំនាញមន្ទីរសុខាភិបាល , មន្ត្រីរាជការមន្ទីរអង្គភាព និង សហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តសៀមរាប ធ្វើយុទ្ធនាការសម្អាត និងបាញ់ថ្នាំសម្លាប់វីរុស COVID-19 ដោយចាប់ផ្ដើមជួបជុំនៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប វេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា បើតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានប្រយុទ្ទនឹងជំងឺឆ្លង CDC បានបញ្ជាក់ថា បច្ចុប្បន្នភាព ម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសយើងបានរកឃើញករណីជំងឺCOVID-19 សរុបចំនួន៣ករណី រួមមាន ៖ ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បើយ , ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19 និង ១ករណី ជនជាតិអង់គ្លេស ភេទស្រី អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ៕


ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប