ស្ត្រីជនជាតិអង់គ្លេស ដែលមានវីរុស COVID-19 ត្រូវបានផ្ទេរពីកំពង់ចាមមកភ្នំពេញហើយ
យោងតាមការបញ្ជាក់ពី ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ដោយមានសំណើពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និងដោយសារស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំ វិជ្ជមានវីរុសកូវីដ១៩ ជាអ្នកដែលមានជើងសិប្បនិមិត្តម្ខាងនិងប្រើឈើច្រត់ផងដែរនោះ ដែលតម្រូវឲ្យមានទីកន្លែងនិងបន្ទប់ទឹកពិសេសសម្រាប់ការស្នាក់នៅក្នុងរយៈពេលព្យាបាល និងក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជាមួយអង្គការសុខភាពពិភពលោក មជ្ឍមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិកមក ក្រុមការងារដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចឲ្យមានការសម្របសម្រួល និងការសហការជាពិសេសជាមួយមន្ទីរពេទ្យមាន លក្ខណៈស្តង់ដារអន្តរជាតិ ដែលអាចជួយដល់ជនពិការ ក្នុងការបញ្ជូនស្ត្រីជនជាតិអង់គ្លេសរូបនេះ មកដាក់ថែទាំព្យាបាលនៅមន្ទីរពេទ្យមានលក្ខណៈស្តង់ដារនោះនៅរាជធានីភ្នំពេញ ដែលបានចេញដំណើរពីមន្ទីរពេទ្យខេត្តកំពង់ចាម នៅវេលាម៉ោង១៦:៣០នាទីនៃថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តាមរថយន្តគិលានសង្រ្គោះរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម។
គួរបញ្ជាក់ផងដែរថា អ្នកដំណើរនៅលើនាវា Viking Cruise Journey សរុបទាំងអស់មានចំនួន ៦៤ នាក់ (អ្នកដំណើរចំនួន ៣០ នាក់ និងអ្នកបម្រើការចំនួន ៣៤ នាក់) ក្នុងនោះ មានស្រីចំនួន ២៣ នាក់ និងបុរស ៤១ នាក់ ហើយនៅលើនាវានោះ មាន ៧ សញ្ជាតិ គឺ អាមេរិក ១៤ នាក់ (ស្រី៧ ប្រុស៧) ចក្រភពអង់គ្លេស ១១ នាក់ (ស្រី៧ ប្រុស៤) កាណាដា ៤ នាក់ (ស្រី២ ប្រុស២) ហូឡង់ ១ នាក់ (ស្រី) ភូមា ១ នាក់ (ប្រុស) វៀតណាម ៧ នាក់ (ប្រុស) និងកម្ពុជា ២៤ នាក់ (ស្រី៦ ប្រុស១៨)។
អ្នកដំណើរជាជនជាតិអង់គ្លេសចំនួន ៥ នាក់ (ស្រី៤ ប្រុស១) កាលពីម្សិលម៉ិញ បានធ្វើតេស្តរួចហើយ ដែលមានស្ត្រីពិការខាងលើ វិជ្ជមានវីរុសកូវីដម្នាក់ និង ៤ នាក់ មានលទ្ធផលអវិជ្ជមាន៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា