ករណី COVID-19 នៅកម្ពុជា គិតមកត្រឹមពេលនេះ កើនឡើងដល់ ៥ករណី ក្នុងនោះមានជនជាតិខ្មែរម្នាក់ នៅខេត្តសៀមរាប
បច្ចុប្បន្នភាពនៃជំងឺ COVID-19 នៅកម្ពុជា មកទល់នឹងពេលមានចំនួន៥ករណីហើយ ដោយក្នុងនោះករណីទី១ គឺជាជនជាតិចិន ម្នាក់នៅខេត្តព្រះសីហនុ ដែលរកឃើញកាលពីថ្ងៃទី ២៧ មករា ឆ្នាំ២០២០ និងបានព្យាបាលអោយជាសះស្បើយវិញ ចំណែកឯករណីទី២ គឺជាបុរសជនជាតិខ្មែរម្នាក់ ដែលឆ្លងពីជនជាតិជប៉ុន ដែលបានរកឃើញនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ និង ៣ករណីផ្សេងទៀត គឺភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេស ដែលបានជិះកប៉ាល់ទេសចរណ៍ឈ្មោះ Viking Cruise Journey ឆ្លងដែនចេញពីប្រទេសវៀតណាម។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រសួងសុខាភិបាល បានយកចិត្តទុក្ខដាក់យ៉ាងខ្លាំង ក្នុងការព្យាបាលដល់អ្នកផ្ទុកវីរ៉ុស ទាំងអស់នោះ ស្របពេលដែលជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ត្រូវបានដាក់ព្យាបាលដោយឡែក នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប ចំណែកឯស្ត្រីជនជាតិអង់គ្លេសម្នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញតាមសំណើររបស់ស្ថានទូតអង់គ្លេស ដោយសារគាត់ជាជនពិការ និងជនជាតិអង់គ្លេស២នាក់ទៀត ដែលទើបនឹងរកឃើញវិជ្ជមាន COVID-19 ថ្មីៗនេះ ត្រូវបានដាក់ព្យាបាលដោយឡែក នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ចាម៕



