សម្តេចតេជោ មានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយកាចសាហាវជាងកូវីត១៩ ទៅទៀត ស្របពេលទូរទស្សន៍បរទេសមួយផ្សាយមិនពិតថា សម្តេចបានឆ្លងកូវីត១៩
នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច ដោយធ្វើការច្រានចោលនូវការបង្ហោះព័ត៌មានមិនពិតថា សម្តេចបានឆ្លងវីរុសកូវីត១៩។ សម្តេចតេជោ បានធ្វើការបញ្ជាក់ឲ្យដឹងដូច្នេះថា “មានទូរទស្សន៍បរទេសមួយបានផ្សាយថាខ្ញុំបានឬប្រហែលឆ្លងកូវីត១៩ទៅហើយ។ ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង ដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃ អាទិត្យទី១៥មីនា២០២០។
កូវីត១៩វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជម្ងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់នេះ។ សូមបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់ការរីករាលដាលនូវជម្ងឺឆ្លងនេះតាមរយៈវិធានការអនាម័យដោយចាប់ផ្តើមពីមនុស្សម្នាក់ៗគ្រួសារនីមួយៗភូមិនីមួយៗ ដើម្បីធានាថានៅកម្ពុជាយើងគ្មានជម្ងឺឆ្លងបន្ថែមទៀតលើចំនួន ដែលបានឆ្លងរួចមកហើយចំនួន៥នាក់ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់និង (ចិន១នាក់ដែលបានព្យាបាលជាសះស្បើយរួចហើយ)។
គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះ កម្ពុជាមានចំនួន៥ករណីហើយនៃវីរុសកូវីត១៩ ដោយក្នុងនោះករណីទី១ គឺជាជនជាតិចិន ម្នាក់នៅខេត្តព្រះសីហនុ ដែលរកឃើញកាលពីថ្ងៃទី ២៧ មករា ឆ្នាំ២០២០ និងបានព្យាបាលអោយជាសះស្បើយវិញ ចំណែកឯករណីទី២ គឺជាបុរសជនជាតិខ្មែរម្នាក់ ដែលឆ្លងពីជនជាតិជប៉ុន ដែលបានរកឃើញនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ និង ៣ករណីផ្សេងទៀត គឺភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេស ដែលបានជិះកប៉ាល់ទេសចរណ៍ឈ្មោះ Viking Cruise Journey ឆ្លងដែនចេញពីប្រទេសវៀតណាម៕

អត្ថបទ៖ សេម




