ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសចាត់វិធានការ ដាក់បម្រាមផ្អាកមិនឲ្យជនបរទេសមកពី៥ប្រទេសនេះ ចូលមកកម្ពុជាក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីរកឃើញជនបរទេស ២នាក់បន្ថែមទៀតមានផ្ទុកកូវីដ ១៩ នៅភ្នំពេញ
មុននេះបន្តិចក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេសដែលមកពីប្រទេសអ៉ីតាលី អាល្លីម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសកម្ពុជា រយៈពេល ៣០ថ្ងៃ ដោយអនុវត្តចាប់ពីថ្ងៃទី ១៧ ខែមីនា នេះ ក្រោយពេលដែលមានជនជាតិបរទេសញ្ជាតិផ្សេងគ្នាធ្វើដំណើរមកកម្ពុជាហើយ មានផ្ទុកកូវីដ ១៩។
គួរបញ្ជាក់ដែលថា កាលពីយប់មិញនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា រកឃើញករណីថ្មីចំនួន២នាក់បន្ថែមទៀត (មិនមានពាក់ព័ន្ធទៅនឹងករណី Wiking Crusie Journey ទេ) គឺត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ លើបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំ និងបុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ (លទ្ធផលចេញនៅវេលាម៉ោង១៦ និង០០នាទីរសៀល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០) ហើយបុរសវិជ្ជមានវីរុសកូវីដ១៩ទាំង២នាក់នេះ ត្រូវបានយកមកដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ ខ្មែរណូត

