ក្រុមចោរប្រុសស្រី៤នាក់ ដែលធ្វើសកម្មភាពគាស់ទ្វារបង្អួចហាងនំអប្សរា ប្រមូលគ្រឿងអលង្ការ និងលុយសុទ្ធ ជាង៦ម៉ឺនដុល្លារ គេចខ្លួនបាត់ជិតមួយអាទិត្យ ត្រូវសមត្ថកិច្ច ក្របួចបានហើយ
រាជធានីភ្នំពេញ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់(ស្រី ០១) ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន ០២ករណី ចាប់យកវត្ថុតាងធ្វើសកម្មភាព និងភស្តុតាងទ្រព្យសម្បត្តិរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធីមាន៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារគាស់ទម្លុះទម្លាយ (គាស់ទ្វារបង្អូចផ្ទះចូលលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចក្នុងហាងនំអប្សារាផ្ទះលេខ១៤៦-១៤៨អឺ០អឺ១អឺ២ ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០០ និង ៤៥ នាទី។ ជនរងគ្រោះឈ្មោះ ឈឺ សៀមហ៊ាង ភេទស្រី អាយុ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំ ស្នាក់នៅផ្ទះលេខ១៤៦-១៤៨អឺ០អឺ១អឺ២ ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់មានដូចជា៖
-ចិញ្ចៀនពេជ្រ មួយវង់ តម្លៃ ៦០០០ដុល្លារអាមេរិក
-នាឡិកាពេជ្រមួយគ្រឿង តម្លៃ ១០០០០ដុល្លារអាមេរិក
-ខ្សែដៃពេជ្រមួយខ្សែ តម្លៃ ៧០០០ដុល្លារអាមេរិក
-ប្រាក់ខ្មែរ ចំនួន ៩៥ លានរៀល
-ប្រាក់ដុល្លារ ចំនួន ៨០០ ដុល្លារអាមេរិក ។

ករណីទី២ អំពើលួច(ចូលក្នុងផ្ទះលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចក្នុងផ្ទះលេខ៤៤ ផ្លូវលេខ១៩០ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០១:២០នាទី។ជនរងគ្រោះឈ្មោះ គីម ធី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៥៧អឺ៣ ផ្លូវលេខ១៨ ភូមិ៤ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់មានដូចជា៖
-នាឡិកាចំនួន ០១ គ្រឿង
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ស គ្មានស៊ីម ចំនួន ០១
-ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ ខ្មៅ គ្មានស៊ីម ចំនួន ០១
-ប្រាក់យ័នចិន ចំនួន ១៤០០០យ័ន និង ឯកសារមួយចំនួន ក្នុងកាបូបពណ៌ខ្មៅ ។
ជនសង្ស័យទាំង៤នាក់មាន ១-ឈ្មោះ ផុន រ៉ាន ហៅ ស្ទាំង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២២និង៤០នាទី នៅចំណុចសួនច្បារមុខវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
២-ឈ្មោះ ខៀវ មល្លិរត្ន័ ហៅ ប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ឃាត់ខ្លួនថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០ ម៉ោងប្រហែល ១៨ និង ៣០ នាទី នៅម្តុំមីហិល ម្តុំផ្សារសូរិយា សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
៣-ឈ្មោះ កង ស្រីមាស ហៅ លីន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល១៣និង០0នាទី នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
៤-ឈ្មោះ ថៃ វ៉េង ភេទ ប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកផ្ទះសំណាក់ ស្នាក់នៅផ្ទះលេខ៧៤ ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១១:៣០នាទី នៅចំណុចផ្ទះលេខ៧៤ ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕




កែសម្រួលដោយ៖ បងម៉េង ខ្មែរណូត