គណៈឱសថការីកម្ពុជា ណែនាំឲ្យម្ចាស់ឱសថស្ថាន ឲ្យលក់ម៉ាស អាកុល ទឹកលាងដៃ ក្នុងកម្រិតចំណេញទាបបំផុត
កាលពីពេលថ្មីៗនេះ គណៈឱសថការីកម្ពុជា បានចេញសេចក្តីប្រកាសក្រើនរំលឹកដល់ម្ចាស់ឱសថស្ថាន ឱសថស្ថានរង ក ទាំងអស់ មិនត្រូវលក់ម៉ាសថ្លៃហួសហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រព្រមទាំងកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឱសថការីកម្ពុជាជាដាច់ខាត។

ហើយគណៈឱសថការីរាជធានី ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏បានចុះណែនាំដល់ម្ចាស់ឱសថស្ថាន ឱសថស្ថានរង ក ទាំងអស់មិនឱ្យតំឡើងថ្លៃម៉ាស អាកុល ទឹកលាងដៃ ហួសហេតុដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ នៅពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងតែប្រឈមនូវការឆ្លងវីរុសកូវីដ១៩។

គណៈឱសថការីកម្ពុជា បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែស្ថានភាពបច្ចុប្បន្នវត្ថុធាតុដើមនៃការផលិតមានការឡើងថ្លៃ និងតម្រូវការខ្ពស់ក្នុងការប្រើប្រាស់ ជាហេតុធ្វើឱ្យម៉ាស ក៏ដូចជាអាកុល និងទឹកលាងដៃត្រូវបានឡើងថ្លៃ គណៈឱសថការីកម្ពុជានៅតែអំពាវនាវដល់ម្ចាស់ឱសថស្ថាន និងសមាជិក សមាជិកាទាំងអស់ឱ្យលក់ក្នុងកម្រិតចំណេញទាបបំផុត ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងវីរុសកូវីដ១៩ទាំងអស់គ្នា។
សូមរំលឹកថាក្នុងករណីដែលគណៈឱសថការីកម្ពុជា បានរកឃើញថា ឱសថស្ថាន ណាមួយលក់ម៉ាសថ្លៃហួសហេតុ គណៈឱសថការីកម្ពុជា នឹងមានវិធានការខាងវិន័យដោយព្យួរបញ្ជីគណៈឱសថការីកម្ពុជាមិនឲ្យបន្តប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវេជ្ជសាស្ត្រទៀតឡើយ៕








ប្រភព៖ គណៈឱសថការីកម្ពុជា