ផ្អើលទាំងយប់ ឆេះដេប៉ូលក់គ្រឿងសង្ហារឹម ជាប់ឃ្លាំងលក់ឡានរបស់K01 ដែលមិនទាន់សម្ពោធ
រាជធានីភ្នំពេញ ៖ អគ្គិភ័យឆេះឃ្លាំងស្តុកឈើមួយកន្លែងរបស់ដេប៉ូលក់ គ្រឿងសង្ហារឹមមួយកន្លែងយីហោ បញ្ញា លក់គ្រឿងសង្ហារឹម ជាប់ ហ្គារ៉ាសលក់រថយន្តលោកK01 ដែលមិនទាន់សម្ពោធ នៅឡើយ នៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលឡើងដល់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌសែនសុខ សហការជាមួយរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចេញអន្តរាគមន៍ បាញ់ពន្លត់។

គ្រោះអគ្គិភ័យនេះបានឆាបឆេះឡើងកាលពីវេលាម៉ោង២:៤៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចឃ្លាំងស្តុកឈើ របស់ផ្ទះលក់គ្រឿងសង្ហារឹម ដុំ និងរាយមួយកន្លែង យីហោ បញ្ញា លក់គ្រឿងសង្ហារឹម ផ្ទះលេខ58P នៅផ្លូវផ្លូវ៥៨P ក្រុមទី០៤ ភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញ ពីផ្នែកខាងក្រោយឃ្លាំង ដែលជារោងជាងកែច្នៃគ្រឿងសង្ហារឹម មួយសន្ទុះក្រោយមកក៏កើតជាអណ្តាភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់ ។

ភ្លាមៗនោះគេឃើញ វត្តមាន លោក ម៉ូវ ម៉ាណិត អភិបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញចំនួន២០គ្រឿងបានចេញមកអន្តរាគមន៍បាញ់ពន្លត់ភ្លើង ដោយប្រើរយៈពេលជិត១ម៉ោងទើបបាញ់ពន្លត់បានទាំងស្រុង និងប្រើប្រាស់អស់ទឹក២៥រថយន្ត មានរថយន្តពន្លត់អគ្គិភ័យចំនួន ២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៥ឡាន ស្មើនឹង១០០ម៉ែត្រគូប ។ រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សន ចាន់ណាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់គ្រឿងសង្ហារឹម ។ ខូចខាតសំភារះ ឆេះរោងដែកប្រក់សង័្កសី នឹងសំភារៈគ្រឿងសង្ហាររឹមទំហំ ១៤mx១៥m អស់ទាំងស្រុង។ សមត្ថកិច្ចបានឲ្យដឹងថា ចំពោះមូលហេតុដែលកើតមានអគ្គិភ័យនេះសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចំពោះសំភារៈខូចខាតរួមមានគ្រឿងសង្ហារឹមមួយចំនួនធំ និងឆេះរោងកែច្នៃគ្រឿងសង្ហារឹមមួយទាំងស្រុង ហើយនៅក្នុងហេតុការណ៍នេះមិនបង្កឲ្យមានអ្នករងរបួសនោះទេ៕





អត្ថបទ៖ បងម៉េង ខ្មែរណូត