PR

ព្រះនាងតូចជេនណាត្រូវបានប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនសែលកាត

BY
choung samrith
March 14, 2020

ភ្នំពេញថ្ងៃទី១៣មីនាឆ្នាំ២០២០ ក្នុងថ្ងៃនេះសែលកាតបានប្រកាសជាផ្លូវការនូវការទទួលព្រះនាងតូចនរោត្តមជេនណាជារាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសចម្រើនព្រះជន្មគម្រប់៨វស្សារបស់ព្រះនាងតូចជេនណាដែលព្រះនាងបានប្រារព្ធពិធីអបអរសាទរដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមហ៊ុនសែលកាតនិងមិត្តភក្តិជិតស្និទ្ធមួយចំនួនទៀតនៅឯសណ្ឋាគារកាំបូឌីយ៉ាណាក្នុងរាជធានីភ្នំពេញ។

ព្រះនាងតូចជេនណាគឺជាបុត្រីទី២របស់អ្នកអង្គម្ចាស់នរោត្តមបុប្ផានិងជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនោរោត្តមសីហនុព្រះបរមរតនកោដ្ឋ។អ្នកអង្គម្ចាស់ត្រូវបានគេស្គាល់ជាទូទៅថាជា “ព្រះនាងតូចនរោត្តមជេនណា”។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានឱ្យដឹងថានេះគឺជាកិត្តិយសដ៏ធំបំផុតមួយសម្រាប់ក្រុមហ៊ុនសែលកាតដែលមានឱកាសបានចូលរួមសហការជាមួយព្រះនាងតូចដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជួយលើកស្ទួយដល់យុវជនក្នុងសម័យឌីជីថល (Digital Generation)។

លោក Watson បានមានប្រសាសន៍ទៀតថា៖ “យើងមើលឃើញថានេះគឺសម្ព័ន្ធភាពដ៏ល្អប្រសើរបំផុតមួយពោលគឺក្រុមហ៊ុនបណ្តាញទូរស័ព្ទឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានចាប់ដៃគូសហការជាមួយបុគ្គលវ័យក្មេងដ៏មានទេពកោសល្យបំផុតរបស់ខ្មែរដែលគាត់មានទឹកចិត្តស្រឡាញ់ជាតិនិងចេះយកចិត្តទុកដាក់ទៅលើអនាគតនៃមនុស្សជំនាន់ក្រោយ” ។

ស្របពេលដែលយើងកំពុងឈានទៅចាប់យកបច្ចេកវិទ្យា 5G យើងមើលឃើញថាព្រះនាងតូចជេនណានឹងអាចជួយជម្រុញឱ្យផលិតផលនិងសេវាកម្មឌីជីថលរបស់ក្រុមហ៊ុនសែលកាតឈរជើងបានកាន់តែរឹងមាំនៅលើទីផ្សារក៏ដូចជាជួយចែករំលែកឱ្យបានដឹងនូវសមិទ្ធផលដែលទទួលបានពីការធ្វើកំណែរទម្រង់ឆ្ពោះទៅកាន់វិស័យឌីជីថលនៅកម្ពុជា។

ក្នុងព្រះជន្ម៨វស្សាព្រះនាងតូចជេនណាអាចនិយាយបាន៥ភាសាមានទេពកោសល្យខាងច្រៀងរាំនិងសម្តែងហើយក្នុងពេលបច្ចុប្បន្ននេះអ្នកអង្គម្ចាស់ក៏កំពុងរៀននូវរបាំអប្សរាផងដែរ។

សែលកាតមានប្រវតិ្តជាក្រុមហ៊ុនដ៏សកម្មបំផុតមួយក្នុងចាប់ដៃគូជាមួយបុគ្គលវ័យក្មេងដែលមានទេពកោសល្យនៅក្នុងស្រុកដើម្បីជួយបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជនហើយទន្ទឹមនឹងនោះផងដែរក្រុមហ៊ុនក៏បានជួយបណ្តុះនូវបទពិសោធន៍និងជំនាញទីផ្សារដ៏មានតម្លៃជូនដល់ដៃគូសហការដោយក្នុងនោះរួមមានទាំងបុគ្គលមានឥទ្ធិពលអ្នកចំរៀងអ្នករាំនិងអ្នកលេងហ្គេមអាជីពជាដើម។
ក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរនិងគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុងសែលកាតមានក្តីសោមនស្សជាពន់ពេកដែលមានឱកាសបានសហការជាមួយបុគ្គលវ័យក្មេងមានបុគ្គលិកលក្ខណៈឆ្នើមដូចជាអ្នកអង្គម្ចាស់ជេនណាដើម្បីជួយកសាងអនាគតនៃវិស័យឌីជីថលឱ្យកាន់តែរីកចម្រើនខ្លាំងទៅមុខទៀត៕

Share This Post: