ប្រទេសថៃរកឃើញអ្នកឆ្លងវីរុស កូវីដ-១៩ បន្ថែមចំនួន ៣០នាក់ទៀត
លោក Sukhum Kanchanaphimai លេខាធិការអចិន្រៃ្តយ៍នៃក្រសួងសុខាភិបាលថៃបានប្រាប់សន្និសីទកាសែតថា ប្រទេសថៃមានករណីឆ្លងវីរុស កូវីដ-១៩ ថ្មីចំនួន ៣០ករណី នៅថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនសរុបកើនដល់ ១៧៧នាក់។ ក្រុមទី១ រួមមានមនុស្ស ១៤នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងមុនៗ ឬមានទំនាក់ទំនងជាមួយកន្លែងដែលអ្នកជំងឺមុនបានទៅទស្សនា។ ពោលគឺ ១១ករណី ពីពហុកីឡាដ្ឋានប្រដាល់, ១នាក់ មកពីកន្លែងកម្សាន្ត និង ២នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺមុន។

ក្រុមទី២ ពាក់ព័ន្ធនឹងអ្នកជំងឺថ្មី ១៦នាក់ ក្នុងនោះមាន ៩នាក់ ដែលមកពីប្រទេសផ្សេង និង ១នាក់ ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយជនបរទេស។ ករណីអ្នកជំងឺ ៦នាក់ផ្សេងទៀត គឺកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ចាប់តាំងពីថ្ងៃទី៣ ខែមករា ប្រទេសថៃបានកត់ត្រាករណីអ្នកឆ្លងវីរុស កូវីដ-១៩ រហូតដល់ទៅ ១៧៧ករណី។ លោកវេជ្ជបណ្ឌិត Sukhum បានមានប្រសាសន៍ថា អ្នកជំងឺចំនួន ៤១នាក់ បានជាសះស្បើយ ប៉ុន្តែមានម្នាក់បានស្លាប់ និង ១៣៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចន្លោះពី ៧០% ទៅ ៨០% នៃករណីទាំងនេះគឺស្ថិតនៅក្នុងទីក្រុងបាងកក៕


អត្ថបទ៖ លីដា