ក្រសួងព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះឱសថស្ថាន ដែលលក់អាល់កុលមិនត្រូវតាមស្តង់ដារ ដែលអាចបណ្តាលឲ្យពុល និងអាចគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា បច្ចុប្បន្ននេះមានឱសថស្ថាន ឱសថស្ថានរងមួយចំនួនបានទិញអាល់កុលមកលក់ពុំមានប្រភពច្បាស់លាស់ ដែលមានគុណភាពមិនត្រឹមត្រូវតាមស្តង់ដា ខណៈដែលប្រជាពលរដ្ឋទាំងអស់កំពុងត្រូវការអាល់កុលចាំបាច់ ក្នុងការបង្ការការចម្លងវីរុសកូវីដ១៩ នៅកម្ពុជា ដោយអាល់កុលមួយចំនួនមានលាយសារធាតុមេតាណុល ជាមួយអេតាណុល និងអាល់កុលមួយចំនួនទៀតពុំមាននសារធាតុអេតាណុលទេ គឺមានតែសារធាតុមេតាណុលប៉ុណ្ណោះ។
ក្រសួងបានឲ្យដឹងទៀតថា អាល់កុលប្រើប្រាស់សម្រាប់សំលាប់មេរោគ គឺជាល្បាយដែលមានសារធាតុអេតាណុល ជាមួយទឹក ដោយមិនត្រូវមានសារធាតុផ្សេងទៀតទេ ជាពិសេសសារធាតុមេតាណុល។ ចំពោះសារធាតុមេតាណុល មិនត្រូវបានគេប្រើប្រាស់សម្រាប់សំលាប់មេរោគទេ ដោយសារធាតុនេះមានមុខងារសំលាប់មេរោគខ្សោយបំផុត ប៉ុន្តែវាអាចបណ្តាលឲ្យពុល និងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក្នុងករណីប្រើប្រាស់សារធាតុនេះមិនត្រឹមត្រូវ។
ដោយសង្កេតឃើញបែបនេះ ក្រសួងសុខាភិបាលបានចេញការណែនាំដល់ម្ចាស់ឱសថស្ថាន និងឱសថការីទទួលបន្ទុកបច្ចេកទេស នៅតាមឱសថស្ថាន ឱសថស្ថានរងក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្តដូចតទៅ៖
-ឱសថការីទទួលបន្ទុកបច្ចេកទេសត្រូវគ្រប់គ្រងឱសថស្ថានរបស់ខ្លូន ដោយអនុវត្តឲ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន។
-គ្រប់ឱសថស្ថាន ឱសថស្ថានរង ត្រូវទិញអាល់កុលដែលមានប្រភពច្បាស់លាស់ ដោយមានវិក័យប័ត្ររក្សាទុកត្រឹមត្រូវដើម្បីឲ្យក្រសួងសុខាភិបាលអាចតាមដាន ក៏ដូចជាស្វែងរកប្រភពជាក់លាក់ នៅពេលដែលរកឃើញថាអាល់កុលនោះពុំមានគុណភាពត្រឹមត្រូវ។
ប្រសិនក្រសួងសុខាភិបាលស្រាវជ្រាវរកឃើញថា ម្ចាស់ឱសថស្ថាន ឱសថស្ថានរង ឬឱសថការីទទួលបន្ទុកបច្ចេកទេស នៅតាមឱសថស្ថាន ឱសថស្ថានរងណាមិនអនុវត្តតាមការណែនាំនេះ ក្រសួងសុខាភិបាលនិងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ដែលមានជាធរមាន៕


អត្ថបទ៖ សេម