WHO បានហៅវីរុស កូវីដ-១៩ ថាជា «សត្រូវប្រឆាំងនឹងមនុស្សជាតិ»
ប្រធានអង្គការសុខភាពពិភពលោកនាថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ បានហៅវីរុសរាតត្បាតជាសកល កូវីដ-១៩ ថាជា “សត្រូវប្រឆាំងនឹងមនុស្សជាតិ” ដោយសារតែចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោកកើនលើសពី ២០០,០០០នាក់។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោកដល់ ៨,០០០នាក់ ហើយស្លាប់ច្រើនជាងគេគឺនៅអ៉ឺរ៉ុប ពិសេសគឺអ៉ីតាលី ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៅក្រៅប្រទេសចិនដីគោក។

លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកសារព័ត៌មានថា៖ «វីរុសកូរ៉ូណានេះកំពុងបង្ហាញយើងជាមួយនឹងការគំរាមកំហែងដែលមិនធ្លាប់មាន»។ លោកសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់បណ្តាប្រទេសនៅគ្រប់ទីកន្លែង ដើម្បី «រួបរួមគ្នាប្រឆាំងនឹងសត្រូវរួម គឺសត្រូវប្រឆាំងនឹងមនុស្សជាតិ»។ ខណៈពេលនេះអនុតំបន់សាហារ៉ានៅទ្វីបអាហ្វ្រិកក៏បានករណីចំនួន ២៣៣ និងមានមនុស្សស្លាប់ ៤នាក់ ផងដែរ ប៉ុន្តែវាជាការរងផលប៉ះពាល់តិចតួចប៉ុណ្ណ៖។
ប៉ុន្តែយ៉ាងណាលោក Tedros បានព្រមានថា ស្ថានភាពអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លោកបានមានប្រសាសន៍ថា៖«នៅក្នុងប្រទេសដទៃទៀតយើងបានឃើញពីរបៀបដែលវីរុសបង្កើនល្បឿនយ៉ាងខ្លាំង បន្ទាប់ពីមានចំណុចផ្ទុះឡើងជាក់លាក់ ដូច្នេះដំបូន្មានល្អបំផុតសម្រាប់ទ្វីបអាហ្រ្វិកគឺត្រូវត្រៀមខ្លួន សម្រាប់អ្វីដែលអាក្រក់បំផុត និងត្រូវត្រៀមខ្លួននៅថ្ងៃនេះ។ អាហ្វ្រិកគួរតែភ្ញាក់ខ្លួនឡើង»៕



អត្ថបទ៖ លីដា
ប្រភព៖ CNA