ចិនអះអាងថា “ពួកគេគ្មានអ្នកឆ្លងមេរោគ កូវីដ១៩ សូម្បីតែម្នាក់ ជាលើកដំបូងបំផុត ចាប់តាំងពីប្រទេសនេះមានការផ្ទុះមេរោគឡើងដំបូង”
ចិនដីគោកបានរាយការណ៍ថា ពួកគេគ្មានករណីឆ្លងថ្មីនៃវីរុស កូវីដ១៩ ជាលើកដំបូងបំផុត ចាប់តាំងពីប្រទេសនេះមានការផ្ទុះឡើងដំបូង។ គណៈកម្មាធិការសុខភាពជាតិបាននិយាយថា វាក៏ជាលើកទី១ ផងដែរ ដែលនៅខេត្តហ៊ូប៉ី ដែលជាកន្លែងដែលវីរុសបានលេចចេញមកដំបូង មិនមានការកត់ត្រាករណីថ្មីណាមួយ ទាំងក្នុងស្រុក និងពីបរទេស។ ប៉ុន្តែនៅទូទាំងប្រទេសមានការឆ្លងថ្មីចំនួន ៣៤ ដែលពួកគេទាំងអស់សុទ្ធតែមកពីបរទេស។

ចំនួនអ្នកស្លាប់ថ្មីបានធ្លាក់ចុះដល់ ១ខ្ទង់ ដោយរបាយការណ៍ថ្មីបង្ហាញថា មានអ្នកស្លាប់ថ្មីតែ ៨នាក់ ប៉ុណ្ណោះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបមានដល់ ៣,២៤៥នាក់។ គណៈកម្មាការបាននិយាយថា មានករណីសង្ស័យថ្មីចំនួន ២៣ ខណៈអ្នកឆ្លងសរុបមាន ៨០,៩២៨នាក់។ យ៉ាងណាក៏ដោយប្រទេសចិនពេលនេះ បានព្យាបាលអ្នកជំងឺជាសះស្បើយចំនួន ៧០,៤២០នាក់រួចហើយ ចំណែកអ្នកនៅសល់គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប្រទេសចិនបានបង្ហាះពីការធ្លាក់ចុះនៃចំនួនអ្នកឆ្លង ខណៈដែលអ៉ឺរុបពេលនេះបានក្លាយជាទីតាំងរាលដាលខ្លាំងបំផុត៕



អត្ថបទ៖ លីដា
ប្រភព៖ SCMP