អាជ្ញាធរសុខាភិបាលអាមេរិកថា បើគ្មានម៉ាស់អាចប្រើក្រណាត់ ឬកន្សែងបង់ក បណ្ដោះអាសន្នបាន
អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានណែនាំបុគ្គលិកពេទ្យដែលប្រឈមមុខនឹងកង្វះម៉ាស់ ឱ្យប្រើកន្សែងរុំ ឬក្រម៉ាបើស្ថិតក្នុងភាពអាសន្នចាំបាច់។ ការណែនាំនេះស្ថិតក្នុងចំណោមអនុសាសន៍ជាបន្តបន្ទាប់ពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) សម្រាប់បុគ្គលិកថែទាំសុខភាពសហព័ន្ធរដ្ឋ និងមូលដ្ឋាន (HCP) ដែលទាក់ទងនឹងការផ្ទុះឡើងនៃមេរោគនេះនៅសហរដ្ឋអាមេរិក។

CDC បាននិយាយថា៖ «នៅចំណុចមួយដែលម៉ាស់គ្មានគ្រប់គ្រាន់ HCP អាចប្រើម៉ាស់ធ្វើដោយដៃ (ឧទាហរណ៍៖ កន្លែងរុំ, កន្សែងបង់) សម្រាប់ពេលថែរក្សាអ្នកជំងឺ COVID-19 នៅក្នុងមធ្យោបាយចុងក្រោយ»។ CDC បានបន្ថែមថា៖ «ការប្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្ត នៅពេលពិចារណាជម្រើសនេះ។ ព្រោះរបាំងធ្វើបន្ទាន់បែបនេះ ត្រូវបានគេចាត់ទុកថាជា PPE (ឧបករណ៍ការពារផ្ទាល់ខ្លួន) ពីព្រោះសមត្ថភាពផ្គត់ផ្គង់ការការពារលើ HCP នៅមិនទាន់អាចដឹងនៅឡើយ។
អនុប្រធានាធិបតី Mike Pence បាននិយាយថា ទន្ទឹមនឹងនេះមានការកើនឡើងនៃផលិតកម្មយ៉ាងច្រើនដោយក្រុមហ៊ុនឯកជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការម៉ាស់។ លោក Pence បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសន្និសីទខ្លីទាក់ទងនឹងមេរោគឆ្លងប្រចាំថ្ងៃក្នុងទីក្រុងវ៉ាស៊ីនតោនថា ក្រុមហ៊ុន Honeywell និង 3M បានបង្កើនការផលិតម៉ាស់ការពារ N95 រហូតដល់រាប់សិបលាន។ ដោយក្នុងនោះក្រុមហ៊ុន 3M បានបង្កើនផលិតកម្មម៉ាស់រហូតដល់ ៣៥លាន ក្នុងមួយខែ៕



អត្ថបទ៖ លីដា