ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ធ្លាក់ភ្នែកបើករថយន្តទំនើប Audi A8L បុកម៉ូតូកង់បីដាច់ជាពីរ ប្លោងជាច្រើនម៉ែត្រ

    BY Khmernote Media March 20, 2020
    ធ្លាក់ភ្នែកបើករថយន្តទំនើប Audi A8L បុកម៉ូតូកង់បីដាច់ជាពីរ ប្លោងជាច្រើនម៉ែត្រ

    រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់! អ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ជារើយៗ នៅតែបើកបរតាមដងផ្លូវបានដដែល ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ជាក់ស្ដែងបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាក Audi A8L បោះពួយលឿនដូចហោះ ទៅបុកម៉ូតូកង់បីខ្មែរមួយគ្រឿងកំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យដាច់ជាពីរ និងបណ្តាលឲ្យម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យភ្លាមផងដែរ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ស្ដែងមួយនេះបានកើតឡើងកាលពីវេលាម៉ោង០០:០៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខឱសថស្ថានម៉ាកូសា តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូកង់បីខ្មែរមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1M-2535 ធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃបម្រុងត្រឡប់ក្រោយទើបនឹងបត់បានពាក់កណ្តាលផ្លូវក៏មានរថយន្តមួយគ្រឿងម៉ាកអូរឌី (Audi A8L) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-2211 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកចំពាក់កណ្ដាលម៉ូតូកង់បីពេញទំហឹង បណ្តាលឲ្យដាច់ចេញជាពីរក្បាលម៉ូតូសណ្តោងរឺម៉កកង់បីប្លោងទៅផ្លូវម្ខាងទៀតជាច្រើនម៉ែត្រ ចំណែកឯម្ចាស់កង់បីរងរបួសធ្ងន់។ បន្ទាប់មកត្រូវបានបងប្អូនប្រជាពលរដ្ឋ ទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់អ្នកបើកបររថយន្តបង្កទៅឲ្យខាងសមត្ថកិច្ចជំនាញចរាចរណ៍ការរាជធានីភ្នំពេញនិងធ្វើការវាស់វែងយកម៉ូតូកង់បីនិងរថយន្តទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

    សង្កេតឃើញថាអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ជារើយៗ នៅតែបើកបរតាមដងផ្លូវបានដដែល ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលស្នងការនគរបាលរាជធានីភ្នំពេញ ទើបតែដាក់បទបញ្ជាអោយកម្លាំងអធិការដ្ឋានទាំង១៤ នៃរាជធានីភ្នំពេញ ធ្វើការដាក់គោលដៅរឹតបន្តឹងចំពោះការបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹង ដែលអនុវត្តមិនបានមួយអាទិត្យផង ស្រាប់តែឈប់សម្រាកទៅវិញ ។ គួរបញ្ជាក់ថាអត្រាគ្រោះថ្នាក់មានកំណើនខ្ពស់ណាស់នៅឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតមាន ៤,១២១លើក សម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ជាង៤ពាន់ករណីនេះ បណ្តាលមកពីការបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹងប្រមាណ៥ភាគរយ។

    យោងតាមមាត្រា ៧៧ថ្មី នៃច្បាប់ស្តីចរាចរណ៍ផ្លូវគោក បានចែងថា ជនណាបើកបរយានយន្តពេលខ្លួនស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០.៤០មិល្លីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ត្រូវពិន័យជាប្រាក់ ២០ម៉ឺនរៀល សម្រាប់អ្នកបើកបរម៉ូតូ ម៉ូតូកង់បី ឬម៉ូតូសណ្តោងរ៉ឺម៉ក, ៤០ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និង ៨០ម៉ឺនរៀល សម្រាប់យានយន្តធុនធ្ងន់។ ដោយឡែកជនបើកក្រោមឥទ្ធិពលជាតិស្រវឹង ហើយធ្លាប់ទទួលរងការពិន័យម្តងរួចមកហើយ តែនៅតែបន្តប្រព្រឹត្តខុសក្នុងកំលុងពេល៦ខែរាប់ពីការពិន័យលើកមុននោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល៕

    អត្ថបទ & រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay