ក្រុមពេទ្យជំនាញព្យាបាលជំងឺកូវីដ១៩របស់ចិន នឹងមកដល់ប្រទេសកម្ពុជា ថ្ងៃស្អែកពេលព្រឹក
យោងតាមការបញ្ជាក់ពីទូរទស្សន៍ជាតិកម្ពុជា ទទក នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីដ១៩នៃប្រទេសចិន នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ច្រកវីអាយភី នៅវេលាម៉ោង០៨ និង៣០ព្រឹក ថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ តាមជើងយន្តហោះពិសេស។ នេះជាក្រុមគ្រូពេទ្យជំនួយទីមួយរបស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីដ១៩កំពុរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោកគួរអោយបារម្ភ។ ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្ដម រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នឹងមានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ចនៅព្រលានយន្តហោះ។
គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជាបានទទួលជំនួយជាឧបករណ៍ពិនិត្យរកមេរោគកូវីដ១៩ ចំនួន ៣,០០០ឈុត ពីប្រទេសចិន ដែលឧបករណ៍នោះដើរតួនាទីយ៉ាងសំខាន់សម្រាប់បម្រើក្នុងការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី (កូវីដ១៩) នៅក្នុងប្រទេសកម្ពុជា៕


អត្ថបទ៖ សេម
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក