ថៃរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ជិត២០០នាក់ថែមទៀតនៅថ្ងៃនេះ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាននៅថៃ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkokpost បានឲ្យដឹងថា នៅថ្ងៃអាទិត្យនេះ ថៃបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន១៨៨ករណីបន្ថែមទៀត ដែលនេះជាចំនួនអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានពីមុនមក ហើយវាបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសថៃកើនឡើងដល់ ៥៩៩ករណី នេះបើយោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលថៃ។
អ្នកនាំពាក្យក្រសួងលោក Taweesin Wisanuyothin បានប្រាប់នៅក្នុងសន្និសីទកាសែតថា ភាគច្រើននៃការឆ្លងថ្មីមានទំនាក់ទំនងទៅនឹងករណីជាច្រើនចេញពីកីឡដ្ឋានប្រដាល់ Lumpini។ លោកបាននិយាយថា បច្ចុប្បន្ននេះមានមនុស្ស ៧ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលមានម្នាក់បានធូរស្បើយរួចហើយ។
លោកវេជ្ជបណ្ឌិត Taweesin បាននិយាយទៀតថា “ករណីថ្មីៗទើបកើតភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងស្ថិតក្នុងចំណោមយុវជន ដែលចេញដើរហើរនៅក្រៅ ដែលអាចនាំឱ្យមានការឆ្លងកាន់តែច្រើន ហើយលោកវេជ្ជបណ្ឌិត ក៏បានប្រកាសឲ្យប្រជាពលរដ្ឋនៅតែក្នុងផ្ទះបានហើយ កុំចេញក្រៅអី”៕

អត្ថបទ៖ សេម
ប្រភព៖ bangkokpost