សាហាវមែន! វាយសម្លាប់បុរសម្នាក់ស្លាប់ នៅជិតប៉ុស្តិ៍ប៉ូលិសផ្សារថ្មី៣ ហើយគេចខ្លួនអស់
រាជធានីភ្នំពេញ ៖ កាន់តែសាហាវហើយ! បុរសម្នាក់បានស្លាប់ភ្លាមៗ និងយុវជនម្នាក់ទៀតរង របួសស្រាល បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីផឹកស៊ី ត្រូវបានជនសង្ស័យមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដុំថ្ម និងឈើជ្រុងដេញតាមមកបំបុកអោយដួលហើយព្រួតគ្នាវាយរហូតដល់ស្លាប់តែម្ដង នាំគ្នាជិះរត់គេច បាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចមូលដ្ឋានឡើយ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង០៣:៣៥នាទីទៀបភ្លឺ ឈានចូលថ្ងៃច័ន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ នៅចំណុច ទល់មុខសាលាមត្តេយ្យវត្តកោះ ចម្ងាយប្រហែល៣០ម៉ែត្រ ពីប៉ុស្តិ៍ផ្សារថ្មី៣ លើផ្លូវ៦៣ កែងផ្លូវ១៧៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ តាំង ម៉េងហួត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើការនៅក្នុងហាងអ៉ីនធើណេត នៅម្ដុំទឹកល្អក់ទី៣ ខណ្ឌទួលគោក និងមានទីលំនៅស្នាក់នៅម្ដុំបឹងសាឡាង ខណ្ឌទួលគោក (ជាអ្នកជិះពីក្រោយ)។ ចំណែកអ្នកឌុប រងរបួសស្រាលដោយសារដួលម៉ូតូសង្កត់លើ មានឈ្មោះ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការ នៅក្នុងហាងអ៊ីនធើណេត ស្នាក់នៅម្តុំផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (អ្នកទាំង២ជិះម៉ូតូម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BI-8720 ។
តាមសម្តី ជនរងគ្រោះបានប្រាប់ថាទៅផឹកស៊ីជាមួយមិត្តភ័ក្តរបស់ជនរងគ្រោះនៅកន្លែងលក់ស្រាក្រឡុកមួយកន្លែង នៅម្ដុំផ្សារសូរិយ៉ាម៉ល ក្នុងខណ្ឌដូនពេញ លុះផឹកស៊ីបានមួយសន្ទុះក្រោយមក ជនរងគ្រោះបានទាស់សម្ដីជាមួយភាគីក្រុមជនបង្ក (ដោយមិនដឹងមូលហេតុអ្វីទេ) ហេីយបានទូរស័ព្ទមកប្រាប់អោយរូបគេជិះម៉ូតូទៅយកជនរងគ្រោះផង ខណៈពេលកំពុងជិះម៉ូតូទៅយកជនរងគ្រោះ ត្រលប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមផ្លូវ៦៣ ទិសដៅពីជើងមកត្បូង លុះមកដល់ម៉ោងកើតហេតុ មុខសាលាមត្តេយ្យវត្តកោះ កែងផ្លូវ១៧៤ ចម្ងាយពីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ មិនដល់៣០ម៉ែត្រផង ស្រាប់តែលេចមុខក្រុមជនបង្ក មានគ្នាច្រើននាក់ ជិះម៉ូតូ៣គ្រឿងតាមមកពីក្រោយ ប្រដាប់ដោយដុំថ្ម និងឈើជ្រុង បានជិះបំបុកម៉ូតូដែលរូបគេកំពុងឌុបជនរងគ្រោះ បណ្ដាលឲ្យដួលម៉ូតូសង្កត់លើជើងរបស់ខ្លួន បណ្ដាលឲ្យរងរបួសស្រាល ហើយក្រុមជនបង្ក បានចុះពីលើម៉ូតូរត់សំដៅទៅរកជនរងគ្រោះ រួចធ្វើសកម្មភាពព្រួតវាយក្បាលជនរងគ្រោះ និងស្រែកសំឡុត រូបគាត់ មិនអោយចូលជួយ បើហ៊ានតែចូលជួយ ពួកគេនឹងវាយទាំងខ្លួនគាត់ទៀត ។
បន្ទាប់ពីធ្វើសកម្មភាពវាយតប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់(ដង្ហើមចង្រិត) រួចមក ក្រុមជនបង្ក បាននាំគ្នាជិះរត់គេចបាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី៣ ដែលមានស្នាក់ការនៅជិតកន្លែងកើតហេតុនោះ ចេញជួយអន្តរាគមន៍ឡើយ ក្រោយមករថយន្តសង្រ្គោះក៏បានមកដល់ រួចក៏លើកជនរងគ្រោះដាក់លើរថយន្ត ដើម្បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដែរ តែអកុសល ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ទៅ ទើបបង្កការភ្ញាក់ផ្អើលឡើងដល់អ្នកដំណើរឆ្លងកាត់នោះចោមរោមមើលពេញកន្លែងកើតហេតុ ។
បច្ចុប្បន្នទាល់តែជនរងគ្រោះបានរត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ច ទើបឃើញសមត្ថកិច្ចចុះមកពិនិត្យមើល ហើយនាំជនរងគ្រោះដែលររបួសស្រាល ជិះម៉ូតូដែលប្រលាក់សុទ្ធតែឈាមរបស់ជនរងគ្រោះ ទៅស្នាក់ការប៉ុស្តិ៍នគរបាលបឹងរាំង ដើម្បីសាកសួរអំពីរឿងហេតុនេះ និងធ្វើកំណត់ហេតុ ទទួលពាក្យបណ្ដឹង ដើម្បីកំណត់មុខសញ្ញាតាមវែកមុខក្រុមជនសង្ស័យទាំងនោះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសពរបស់ជនរងគ្រោះដែលនៅលើរថយន្តសង្គ្រោះនោះ កំពុងរងចាំសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច្ឆ័យរួច ទើបប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
មហាជនរងចាំមើលថា សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ មានសមត្ថភាពស្រាវជ្រាវរកក្រុមជនសង្ស័យនោះ យកមកចាត់វិធានការតាមផ្លូវច្បាប់បានដែរឬទេ? ខណៈដែលក្រុមជនសង្ស័យ ពិតជាសាហាវ ហ៊ានធ្វើសកម្មភាព វាយសម្លាប់មនុស្ស នៅក្បែរស្នាក់ការប៉ុស្តិ៍នគរបាល ដោយមិនញញើតសមត្ថកិច្ចសូម្បីបន្តិចឡើយ ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ នៅខណ្ឌដូនពេញ ព្រោះករណីបាញ់សម្លាប់ឌីជេម្នាក់ នៅក្នុងភោជនីយ៍ដ្ឋាន «ហេបភីណេស – Happiness» កាលពីថ្មីៗនេះ ដូចជាមិនដែលស្រាវជ្រាវតាមចាប់ជនបង្ក យកមកចាត់ការតាមច្បាប់អោយបានម្ដងណាឡើយ ដែលធ្វើឲ្យគ្រប់មជ្ឈដ្ឋានជាច្រើន ងឿងឆ្ងល់ថា សមត្ថកិច្ចបានស្គាល់ទាំងមុខ ស្គាល់ទាំងអង្គភាពហើយ ហេតុអ្វីនៅមិនទាន់ចាប់ខ្លួនបានទៀត ដោយសង្ស័យថា បានគេចខ្លួនទៅក្រៅប្រទេស ហើយមើលទៅ។ ទោះជាយ៉ាងណាមហាជនសង្ឃឹមថា សមត្ថកិច្ចនឹងអាចចាប់ខ្លួនឃាតករ និងក្រុមជនសង្ស័យទាំងនេះ ក្នុងពេលឆាប់ៗខាងមុខនេះ អោយខានតែបាន៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត






