រថយន្ត

T1 Samba Bus របស់ Volkswagen ប្រែក្លាយជារថយន្តអគ្គីសនីយ៉ាងគួរឱ្យស្រឡាញ់ ជាមួយនឹងតម្លៃប្រហែល 70,000ដុល្លារ

BY
autoadmin
March 23, 2020

ក្រុមហ៊ុនសាងសង់រថយន្តអាឡឺម៉ង់ eClassics ដែលជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន Volkswagen បានបញ្ចេញរថយន្តអគ្គិសនីរបស់ខ្លួន ដែលជាការបំលែងចេញពីរថយន្ត T1 Samba Bus ជាមួយនិងការបន្ថែមបច្ចេកវិទ្យាយានយន្តអគ្គិសនីរបស់ក្រុមហ៊ុន Volkswagen ។ រថយន្តនេះត្រូវបានគេដាក់ឈ្មោញថា e-Bulli ហើយដើមឡើយត្រូវបានគេគ្រោងដាក់បង្ហាញជាលើកដំបូងនៅក្នុងពិព័រណ៍ពាណិជ្ជកម្ម Techno Classica ឆ្នាំ2020 ប៉ុន្តែដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា ក្រុមហ៊ុន Volkswagen បានបង្ហាញរថយន្តតាមអ៉ីធឺណេតឱ្យគ្រប់គ្នាទស្សនាតែម្ដង។

ក្រុមហ៊ុនបានបន្ថែមកញ្ចប់អាគុយលីចូមអ៉ីយុង ដែលមានកម្លាំង 45kWh និងម៉ូទ័រអេឡិចត្រិចមានសមត្ថភាពផលិតអគ្គីសនីបាន 61kW និងកម្លាំងបង្វិល 212Nm មកឱ្យ e-Bulli ។ តួលេខទាំងនេះគឺខ្លាំងជាងម៉ូដែលដើមរបស់វា ដែលមានកម្លាំងតែ 32kW និងបង្វិល 102Nm, ម៉ាស៊ីនស៊ីឡាំង 4 នៅពេលដែលវាត្រូវបានផលិតក្នុងឆ្នាំ1966។ ជាលទ្ធផលរថយន្តអគ្គសនីជំនាន់ថ្មីនេះ វាអាចមានល្បឿនរហូតដល់ទៅ 130km/h ដែលម៉ូដែលចាស់មានល្បឿនតែ 105km/h ។

អាគុយលីចូមអ៉ីយុងដែលមានកម្លាំង 45kWh មានទីតាំងស្ថិតនៅកណ្តាលរថយន្ត ដែលផ្តល់ឱ្យរថយន្តនេះអាចបើកបរចម្ងាយជាង 200 គីឡូម៉ែត្រ ហើយអាចសាកបាន 80% ក្នុងរយៈពេល 40 នាទី ដោយប្រើឌុយសាកថ្មល្បឿនលឿន (fast-charging) កម្លាំងសាក 50kW។ សម្រាប់តម្លៃរបស់ T1 e-Bulli EV គឺចាប់ផ្ដើមពី 69,200 ដុល្លារអាមេរិក ប៉ុន្តែមិនទាន់ដឹងថានឹងមានលក់លើទីផ្សារណាមុនគេទេ មានតែរង់ចាំមើលពេលដែលវីរុសរាតត្បាតជាសកលនេះបានស្ងប់ទៅវិញ៕

អត្ថបទ៖ លីដា

Share This Post: