កម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ ចេញល្បាត បានឃាត់ខ្លួនមនុស្ស៥នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ បន្ទាប់ពីជិះម៉ូតូដេញគ្នាតាមផ្លូវ ដោយមានការសង្ស័យ ក៏ធ្វើការដេញតាមឃាត់សួរនាំ និងសុំធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ១០កញ្ចប់តូចធំ រួចនាំយកទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីសាកសួរបន្ត កាលពីវេលាម៉ោង១:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចក្បែររង្វល់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសម្ដីលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យបានប្រាប់ពីដំណើររឿងហេតុការណ៌នេះថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញ និងបញ្ជាពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ អោយកម្លាំងប៉ុស្តិ៍ទាំង៧ និងគ្រប់ផ្នែកសហការគ្នា ជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្នានខណ្ឌមានជ័យ បង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈពេលចេញល្បាតតាមបណ្ដោយផ្លូវជាតិលេខ២ បានប្រទះឃើញក្រុមជនសង្ស័យជិះម៉ូតូដេញគ្នាតាមផ្លូវ ដោយមានការសង្ស័យ ក៏ធ្វើការដេញតាមមកដល់ចំណុចខាងលើក្បែររង្វង់មូលព្រះនរាយណ៍ ទើបឃាត់បានហើយសុំធ្វើការត្រួតពិនិត្យឆែកឆេរ ជាក់ស្ដែងរកឃើញ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ១០កញ្ចប់តូចធំ រួចនាំយកទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីសាកសួរបន្តតែម្ដង។
លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៍ដោយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅតែខិតខំបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការល្បាតទប់ស្កាត់បទល្មើស រក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ មិនរាថយឡើយ គឺដើម្បីការពារសុខសុវត្ថភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយសេចក្តីក្លាហានជាទីបំផុត។សូមបងប្អូនជួយផ្តល់កម្លាំងចិត្តជូនពួកគាត់ផង! ។ អគុណសន្តិភាព! ដែលបានផ្តល់ឱកាសឲ្យយើងខ្ញុំទាំងអស់គ្នា បានបំរើជាតិ បំរើប្រជាពលរដ្ឋ ។
ចំពោះជនសង្ស័យដែលកម្លាំងលោកឃាត់ខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានចំនួន៥នាក់ដូចជា ទី១.ឈ្មោះ ស្លេះ ម៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ទី២.ឈ្មោះ ម៉ូសា គឹមល្លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ទី៣.ឈ្មោះ ឌៀប ដែន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ទី៤.ឈ្មោះ ផាត ភួង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ទី៥.ឈ្មោះ រិទ្ធ វ៉ាត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ។
វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន ៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន១០កញ្ចប់ថង់តូច, កូនកាបូបតូច ០១ ពណ៌ស្លែ (សម្រាប់លាក់ទុកថ្នាំញៀន)។ ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង(ចាស់) ។ ម៉ូតូចំនួន០២គ្រឿង ១.ម៉ូតូម៉ាក Honda MSX ពណ៌ខ្មៅ (ពាក់ស្លាកលេខគ្មាន), ២.ម៉ូតូម៉ាក Honda CLICK ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AC-5584 ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត



