ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ នៅប្រទេសបារាំងហក់ឡើងពី ២៤០ ទៅ ១,១០០នាក់
ប្រទេសបារាំងបានឱ្យដឹងនៅថ្ងៃអង្គារ ទី២៤ ខែមីនានេះថា វីរុស COVID-19 បានសម្លាប់មនុស្ស ២៤០នាក់ បន្ថែមទៀត ដោយនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១,១០០នាក់។ មន្ត្រីសុខាភិបាលបារាំងលោក Jerome Salomon បានប្រាប់អ្នកយកព័ត៌មានថា មនុស្សចំនួន ២២,៣០០នាក់ បានតេស្ដវិជ្ជមានជាមួយវីរុស ហើយមានអ្នកឆ្លងសរុប ១០,១៧៦នាក់ កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមានមនុស្សចំនួន ២,៥១៦នាក់ កំពុងត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់។

ក្រុមមន្រ្តីជឿជាក់ថា ចំនួនអ្នកដែលត្រូវបានផ្សព្វផ្សាយ ភាគច្រើនប៉ាន់ស្មានមិនគ្រប់ជ្រុងជ្រោយនោះទេ ព្រោះមានតែអ្នកដែលចេញរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណោះដែលត្រូវបានគេធ្វើតេស្ត។ លោក Salomon ក៏បានសង្កត់ធ្ងន់ផងដែរថា ចំនួនអ្នកស្លាប់ចំនួន ១,១០០នាក់ រាប់បញ្ចូលតែអ្នកដែលស្លាប់ដោយសារវីរុសនៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះ និងមិនបានរាប់បញ្ចូលអ្នកដែលបានស្លាប់នៅក្នុងកន្លែងថែទាំមនុស្សចាស់នោះទេ។ លោកថាការស្លាប់របស់មន្ទីរពេទ្យគ្រាន់តែជាផ្នែកមួយនៃចំនួនសរុប និងបានប្តេជ្ញាផ្តល់ទិន្នន័យអំពីមរណភាពពីកន្លែងថែទាំមនុស្សចាស់នៅថ្ងៃបន្ទាប់៕


អត្ថបទ៖ លីដា