ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចិនមានអ្នកឆ្លងមេរោគកូវីដ ១៩ ឡើងវិញជាថ្មីម្តងទៀតចំនួន ៧៨ករណី

    BY autoadmin March 25, 2020
    ចិនមានអ្នកឆ្លងមេរោគកូវីដ ១៩ ឡើងវិញជាថ្មីម្តងទៀតចំនួន ៧៨ករណី

    ចិន៖ ក្រោយស្ថានភាពនៃជំងឺកូវីដ ១៩ ហាក់បានធូស្រាលបន្តិច ស្រាប់តែអាជ្ញាធរសុខាភិបាលចិនបានប្រកាសកាលពីថ្ងៃម្សិលមិញថា ចិនមានករណីអ្នកឆ្លងមេរោគ ១៩ ថ្មីចំនួន ៧៨ ករនីបន្ថែមទៀត។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Shanghaiist បានអះអាងថា ៧៤ ករណីនៃករណីឆ្លងថ្មីសរុបនេះគឺជាករណីនាំចូលពីក្រៅប្រទេស តែមិនមែនជាករណីរាតត្បាតក្នុងចំណោមពលរដ្ឋនៅតាមសហ​គមន៍ឡើយ។ ក្នុងចំណោមករណីឆ្លងមេរោគដែលជាការនាំចូលពីក្រៅប្រទេសនេះទៀតសោធ ភាគច្រើនគឺកើតមានចំពោះពលរដ្ឋចិនដែលទើបត្របល់មកពីបរទេស ដើម្បីមករស់នៅជួបជុំគ្រួសារវិញក្នុងទឹកដីកំណើតរបស់ពួកគាត់។

    តួលេខខាងលើនេះបានរុញឲ្យចិនមានករណីអ្នកឆ្លងមេរោគកូវីដ ១៩ ដែលជាការនាំចូលពីក្រៅប្រទេសសរុបចំនួន ៤២៧ ករណី បើគិតមកទល់នឹងពេលនេះ។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះមានអ្នកជំនាញផ្នែកជំងឺកូវីដ ១៩ នៅក្នុងក្រុងប៉េកាំងប្រទេសចិនម្នាក់បានព្រមានថា​ ការរាតត្បាតនៃមេរោគកូវីដ ១៩ អាចនឹងកើតមានជាថ្មីម្តងទៀត ដែលបង្កឡើងតាមរយៈការចម្លងមេរោគដែលជាករណីនាំចូលពីក្រៅប្រទេសនេះឯង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះចិនមានករណីអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ៨១ ២១៨ ករណី ស្លាប់ ៣ ២៨១​ ករណី និងមានអ្នកជាសះស្បើយចំនួន ៧៣ ៦៥០ ករណីផងដែរ៕

    អត្ថបទ៖ភក្តី

    Share This Post: