ថៃរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ក្នុងស្រុកថ្មីចំនួន ១០៧ ករណីបន្ថែមទៀត នាំឱ្យករណីសរុបកើនដល់ ៩៣៤នាក់
ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធនេះបានរាយការណ៍ថា មានករណីថ្មីចំនួន ១០៧ករណី នៃវីរុស COVID-19 ដែលបង្កើនចំនួនសរុបក្នុងប្រទេសដល់ ៩៣៤នាក់ ខណៈតួលេខស្លាប់នៅ ៤នាក់ ដដែលនោះទេ ហើយពួកគេបានស្តីបន្ទោសការរីករាលដាលនេះភាគច្រើនទៅលើអ្នកចូលចិត្តជប់លៀង។ លោកវេជ្ជបណ្ឌិត Taweesin Wisanuyothin អ្នកនាំពាក្យក្រសួងបាននិយាយថា ករណីថ្មីត្រូវបានបែងចែកជា ៣ក្រុម។

ក្រុមទី១ ទាក់ទងនឹងមនុស្ស ២៧នាក់ ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺមុន ឬកន្លែងដែលអ្នកជំងឺមុនបានទៅ។ រួមបញ្ចូលទាំងមកពីពហុកីឡដ្ឋានប្រដាល់ និងរួមទាំងអ្នកបើកបរឡានក្រុង ៤នាក់។ ក្រុមទី២ មាន ១៣នាក់ ដោយមានជនភៀសខ្លួន ៦នាក់ និងជនបរទេស រួមមានអង់គ្លេស បារាំង និងអាឡឺម៉ង់។ ក្រុមទី៣ មានមនុស្សចំនួន ៦៧នាក់ ដែលករណីរបស់ពួកគេស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
ក្នុងចំណោមអ្នកជំងឺទាំង ៩៣៤នាក់ មាន ៧០នាក់ បានជាសះស្បើយ និងត្រូវបានរំសាយចេញ រួមទាំងក្រុមចុងក្រោយដែលមានគ្នា ១៣នាក់ ខណៈ ៨៦០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួមទាំងអ្នកជំងឺធ្ងន់ធ្ងរ ៤នាក់ ហើយចំនួនស្លាប់នៅ ៤នាក់ដដែល៕

អត្ថបទ៖ លីដា