បុរសខ្មែរ អាយុ២៧ឆ្នាំម្នាក់ នៅរាជធានីភ្នំពេញ មានវិជ្ជមានកូវីដ-១៩ ជាអ្នកឡើងចុះញឹកញាប់នៅប៉ោយប៉ែត មានមិត្តភក្តិបរទេសច្រើន តែមិត្តស្រី​គាត់ ក្រោយធ្វើតេសត្តមានលទ្ធផល “អវិជ្ជមាន”
កូវីដ-១៩ March 26, 2020 Khmernote

កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះដែរ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីបច្ចុប្បន្នភាពនៃវីរុស កូវីដ-១៩ ដោយក្នុងនោះនៅកម្ពុជាយើងមានករណីវិជ្ជមាន កូវីដ-១៩ កើនដល់ ៩៦ករណីទូទាំងប្រទេស ដោយម្សិលមិញរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួនន០៥ករណីបន្ថែមទៀត។ ក្នុងចំណោម០៥ករណីដែលបានរកឃើញកាលពីម្សិលមិញនេះ ក្នុងនោះមាន ០២ករណីជាជនជាតិបារាំង នៅខេត្តព្រះសីហនុ ០១ករណីនៅខេត្តសៀមរាប ដែលជាអ្នកបើកបរអោយក្រុមទេសចរបារាំង ០១ករណីនៅខេត្តកណ្តាល ដែលឆ្លងពីបុរសម្នាក់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី និង០១ករណីទៀតនៅភ្នំពេញ ជាបុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ តែក្រសួងមិនបានបញ្ជាក់លំអិត។

តាមការសម្ភាសន៍ផ្ទាល់តាមសារអេឡិចត្រូនិក លោកជំទាវ ឱ វណ្ណឌីន បានប្រាប់មកគេហទំព័រសារព័ត៌មាន ខ្មែរណូត យើងថា ចំពោះបុរសជនជាតិខ្មែរ នៅភ្នំពេញអាយុ២៧ឆ្នាំនោះ គាត់ឆ្លងវីរុស កូវីដ-១៩ ដោយសារតែ “គាត់ជាអ្នកដើលេងច្រើននៅប៉ោយប៉ែតហើយមានមិត្តភ័ក្ត្រជាជនជាតិបរទេសក្បែរៗនោះជួបគ្នាចុះឡើងច្រើនគ្នា​ ហើយ គាត់មានមិត្តស្រី​ ដែលមានលទ្ធផលអវិជ្ជមាន។” ទោះជាយ៉ាងណាលោកជំទាវមិនបានបញ្ជាក់លំអិតបន្ថែមថា បុរសរូបនោះឆ្លងពីអ្នកណាឡើយ ដោយពេលនេះទុកអោយក្រសួងធ្វើការស្រាវជ្រាវជាបន្ត៕