វៀតណាមរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួន ៧ករណីទៀត ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់ ១៤៨ករណី
កូវីដ-១៩ March 26, 2020 lyda

វៀតណាម៖ អាជ្ញាធរសុខាភិបាលនៃប្រទេសវៀតណាមបានឲ្យដឹងថា មានអ្នកឆ្លងមេរោគកូវីដ ១៩ថ្មីចំនួន ៧​ករណីទៀតត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាមកាលពីព្រឹកមិញនេះ។ អ្នកឆ្លងថ្មីទាំង ៧ ករណីនោះរួមមាន ទី១ គឺបុរសអាយុ ២៦​ឆ្នាំ ដែលទើបមានប្រវត្តិធ្វើដំណើរត្រលប់មកពីទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី ២២។ ជនរងគ្រោះទី ២ជាស្ត្រីជនជាតិអាហ្វ្រិកខាងត្បូងមានអាយុ ៥៨ឆ្នាំ ទើបត្របល់មកពីសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២១។ ជនរងគ្រោះទី ៣ ជាយុវជនវៀតណាមមានអាយុ ២២ឆ្នាំ ទើបត្របល់មកពីប្រទេសអង់គ្លេសកាលពីថ្ងៃទី ២២។

ជនរងគ្រោះទី ៤​ ជាបុរសអាយុ ៣៤ ឆ្នាំ ទើបធ្វើដំណើរត្រលប់មកពីអាមេរិកកាលពីថ្ងៃទី ២៣។ ជនរងគ្រោះទី ៥ គឺជាយុវតីវៀតណាមមានអាយុ ១៧ ឆ្នាំ ទើបត្របល់មកពីប្រទេសថៃកាលពីថ្ងៃទី ២០ ។ ជនរងគ្រោះទី ៦ គឺជានិសិ្សតវៀតណាម មានអាយុ ១៩ឆ្នាំ ​ទើត្របល់មកពីប្រទេសអង់គ្លេស កាលពីថ្ងៃ ទី ២១។ ចំណែកឯជនរងគ្រោះទី ៧ គឺជាបុរសជនជាតិបារាំងមានអាយុ ៥៨ ឆ្នាំ ដែលបានមកដល់ទឹកដីវៀតណាមកាលពីថ្ងៃទី ១៩ កន្លងទៅនេះ។ សម្រាប់អ្នកឆ្លងថ្មីទាំង ៧ ករណីខាងលើនេះត្រូវបានគេមើលឃើញថា សុទ្ធតែជាករណីនាំចូលមកពីក្រៅប្រទេស តែវាមិនមែនជាការចម្លងនៅក្នុងចំណោមប្រជាបលរដ្ឋវៀតណាមនៅតាមសហគមន៍នោះទេ។ សូមបញ្ជាក់ថា​ គិតមកទល់នឹងពេលនេះវៀតណាមមានករណីអ្នកឆ្លងមេរោគកូវីដ ១៩សរុបចំនួន ១៤៨ ករណី តែពុំទាន់មានករណីអ្នកស្លាប់នៅឡើយទេ៕

អត្ថបទ៖ ភក្តី