កូវីដ-១៩

តួលេខអ្នកស្លាប់ដោយមេរោគកូវីដ ១៩នៅក្នុងប្រទេសអេស្ប៉ាយហក់ឡើងខ្ពស់ជាងនៅប្រទេសចិនទៅទៀត

BY
autoadmin
March 26, 2020

អេស្ប៉ាញ៖ សារព័ត៌មាន Channelnewsasia បានរាយការណ៍ថា គិតមកទល់នឹងពេលនេះប្រទេសអេស្ប៉ាញមានតួលេខអ្នកស្លាប់ដោយសារតែមេរោគកូវីដ ១៩ច្រើនជាងនៅប្រទេសចិនទៅទៀត ពោលគឺអេស្ប៉ាមានអ្នកស្លាប់សរុបរហូដល់ ៣ ៦៤៧ ករណី ខណៈចិនមានត្រឹមតែ​ ៣ ២៨៧ ករណីប៉ុណ្ណោះ បើគិតត្រឹមព្រឹកថ្ងៃទី២៦ ខែមីនា នេះ។ កត្ដាដែលធ្វើឲ្យអេស្ប៉ាញមានតួលេខអ្នកស្លាប់នាំមុខចិនលឿនដូចនេះក៏ព្រោះថា គ្រាន់តែត្រឹមរយៈពេលមួយថ្ងៃម្សិលមិញនេះអេស្ប៉ាញមានអ្នកស្លាប់រហូតដល់ ទៅ ៧៣៨ ករណីឯណោះ។

ក្រៅតែពីមានចំនួនអ្នកស្លាប់ច្រើនដូចនេះ អាជ្ញាធរសុខាភិបាលអេស្ប៉ាញក៏បានបង្ហាញនូវក្តីកង្វល់ចំពោះការកើនឡើងយ៉ាងឆាប់រហ័សនូវចំនួនអ្នកឆ្លងមេរោគថ្មីផងដែរ ដោយគិតមកត្រឹមពេលនេះអេស្ប៉ាញមានឆ្លងសរុបរហូតដល់ ​៤៩ ៥១៥ ករណី និងជាប្រទេសទី ៤ នៅលើពិភពលោកដែលមានចំនួនអ្នកឆ្លងមេរោគច្រើនបំផុតបន្ទាប់ពីចិន អ៊ីតាលី និងអាមេរិក។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញបានប្រាប់ឲ្យដឹងដែរថា ពេលនេះអាស្ប៉ាញកំពុងតែជួបប្រទះនូវបញ្ហាខ្វះខាតឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ ១៩ សំលៀកពាក់ការពារមេរោគសម្រាប់ក្រុមគ្រូពេទ្យ និងក្រុមបុគ្គលិកជួរមុខដែលត្រូវធ្វើការយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងមេរោគមួយនេះផងដែរ៕

អត្ថបទ៖ ភក្តី

Share This Post: