Lamborghini Aventador S Roadster 2018 តំលៃនៅស្រុកគេជិតកន្លះលានដុល្លារ គ្រាន់តែខុសដំបូលបើកសោះ អាចទិញឡាន Camry ស៊េរីថ្មីបានមួយគ្រឿង
- April 23, 2018
ក្នុងឆ្នាំ2012 គឺជាប្រវត្តិសាស្ត្រមួយដែលក្រុមហ៊ុន Lamborghini បានបង្ហាញជាផ្លូវការ នូវរថយន្តថ្មីរបស់ខ្លួនមានឈ្មោះថា Lamborghini Aventador ហើយវាក៏ជារថយន្តកំពូលរបស់ក្រុមហ៊ុនផលិតរថយន្ត អ៊ីតាលី មួយនេះផងដែរ ដែលអាចបើកបរបានក្នុងល្បឿនរហូតដល់ទៅ 217mph (349km/h)។ ទន្ទឹមនឹងការប្រកួតប្រជែងទីផ្សាររថយន្តស្ព័រ កាន់តែកើនឡើងខ្លាំង ទើប Lamborghini មិនបានបញ្ឈប់ការអភិវឌ្ឍឡើយ ពោលគឺ Aventador S ទទួលបានការផ្លាស់ប្ដូរចង្កៀងមុខ ចង្កូត ប្រព័ន្ធបញ្ជាកង់ក្រោយ និងបន្ថែមកម្លាំងសេះ 39 ទៀតលើម៉ូដែលចាស់។ រហូតមកដល់ពេលបច្ចុប្បន្ន ការអភិវឌ្ឍលើត្រកូល Aventador នេះនៅមិនទាន់ចប់នៅឡើយទេ។

Aventador S Roadster 2018 គឺជាការអភិវឌ្ឍចុងក្រោយបង្អស់របស់ក្រុមហ៊ុន Lamborghini ដែលរចនាឡើងជាមួយនឹងជម្រើសពីរ គឺមានដំបូលបើក និងគ្មានដំបូលបើក។ ដោយឡែក ចំពោះភាពខុសគ្នានេះ ក៏បានធ្វើឲ្យតម្លៃវាខុសគ្នារហូតដល់ $42,597 ដែរ ដោយS Roadster ដែលមានដំបូលបើកថ្លៃជាង ដំបូលធម្មតា។ ទាក់ទងទៅនឹងពណ៌ទឹកក្រូចដែលយើងមើលទៅឃើញសាមញ្ញ ប៉ុន្តែវាមិនដូចអ្វីដែលយើងគិតឡើយ ពោលគឺក្រុមហ៊ុនបានលើកឡើងថា សម្រាប់ពណ៌នេះ តម្រូវឲ្យចំណាយរហូតដល់ $4,900 ឯណោះក្នុងមួយគ្រឿង ព្រោះវាជាប្រភេទពណ៌ទឹកក្រូចកាម៉ៃ (Pearl Effect)។
គួរបញ្ជាក់ផងដែរថា Lamborghini Aventador S Roadster 2018 ត្រូវបានបំពាក់ដោយម៉ាស៊ីន V12 ជាមួយនឹងកម្លាំងសេះ 730។ អ្វីដែលអស្ចារ្យបំផុតនោះគឺ សន្ទុះរបស់រថយន្ដតែម្តង ដោយវាអាចបង្កើនល្បឿនបានពី 0 ដល់ 60mph (97km/h) ត្រឹមរយៈពេល 3វិនាទីប៉ុណ្ណោះ។ ចំពោះតម្លៃរបស់រថយន្ដស្ព័រស៊េរីខ្ពស់របស់ក្រុមហ៊ុន Lamborghini នេះ មិនមែនសម្រាប់មនុស្សធម្មតាឡើយ ពោលគឺចាប់ពី $467,442 (តម្លៃទីផ្សារបរទេស) ឡើងទៅ។
ប្រភព៖ caranddriver
- Share This Post:














