កូវីដ-១៩

សៀមរាប រកឃើញមនុស្ស៣៤០នាក់ ដែលប៉ះពាល់ ប្រយោលជាមួយក្រុមទេសចរជនជាតិបារាំង ហើយពួកគាត់កំពុងតាមដានសុខភាព

BY
Khmernote Media
March 26, 2020

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលចេញនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានអោយដឹងថាកម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន២ករណីទៀត ដែលធ្វើអោយចំនួននសរុបកើនឡើងដល់៩៨ករណីទូទាំងប្រទេស។ ក្នុងសេចក្តីប្រកាសនេះដែរ ក្រសួងបានរកឃើញមនុស្សចំនួន៣៤០នាក់ ដែលបានប៉ះពាល់ប្រយោលជាមួយនឹងក្រុមទេសចរជនជាតិបារាំង ដែលមានវិជ្ជមាន កូវីដ-១៩ ហើយមនុស្សទាំង៣៤០នាក់នោះ កំពុងត្រូវបានមន្ទីរសុខាភិបាល ខេត្តសៀមរាបធ្វើការតាមដានសុខភាពរបស់ពួកគាត់ជាបន្ត។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេស ព្រមទាំងអោយរដ្ឋបាលគ្រប់ខេត្តទាំងអស់ ជ្រើសរើសសាលារៀន ដើម្បីត្រៀមដាក់អ្នកជំងឺ កូវីដ-១៩ ស្របពេលបច្ចុប្បន្នក្រុមគ្រូពេទ្យកម្ពុជា បានព្យាបាលអ្នកជំងឺ កូវីដ-១៩ បានជាសះស្បើយជាបន្តបន្ទាប់៕

Share This Post: