លោកជំទាវ ឱ វណ្ណឌីន រៀបរាប់ដំណើររឿង ដែលជនជាតិឥណ្ឌូនេស៊ី២នាក់រកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសថៃ ហើយធ្វើដំណើរមកព្យាបាលនៅកម្ពុជាវិញ
នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន២ករណីទៀត ដែលធ្វើអោយចំនួននសរុបកើនឡើងដល់៩៨ករណីទូទាំងប្រទេស។ ក្នុងនោះផងដែរ ក្រសួងសុខាភិបាលបានឲ្យដឹងថា បុរសជនជាតិឥណ្ឌូនេស៉ី ២នាក់ដែលមានវិជ្ជមានកូវីដ ១៩ ត្រូវបានដាក់សំរាកព្យាបាលនៅមន្ទីរពទ្យខេត្តសៀមរាបរួចហើយ។

ជុំវិញករណីបុរសជនជាតិឥណ្ឌូនេស៊ីទាំង២នាក់នេះផងដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានធ្វើការបកស្រាយតាមរយៈសារសំលេងអោយដឹងថា ដំបូងឡើយ បុរសជនជាតិឥណ្ឌូនេស៊ីទាំង២នាក់នោះ បានធ្វើតេស្តនៅមន្ទីរពេទ្យផាយ៉ាថៃ ទីក្រុងបាងកក ឃើញវិជ្ជមានកូវីដ១៩ ប៉ុន្តែដោយសារសាមីខ្លួនមិនមានថវិកាបង់ថ្លៃពេទ្យនៅទីនោះ ពួកគាត់បានធ្វើដំណើរមកព្យាបាលនៅប្រទេសកម្ពុជា ព្រោះលឺថា កម្ពុជាព្យាបាលដោយមិនគិតថ្លៃ។ លោកជំទាវបានបញ្ជាក់ទៀតថា នៅថៃគេមិនមែនព្យាបាលមិនគិតលុយនោះទេ យើងដឹងស្រាប់ហើយថា ជនបរទេសចូលប្រទេសថៃបានទាល់តែមានធានារ៉ាប់រង១០ម៉ឺនដុល្លារ ទើបអាចចូលប្រទេសថៃបាន។ ហើយមុនពេលចូលមកកម្ពុជា ជនជាតិឥណ្ឌូនេស៊ីទាំងនោះ អត់មានរោគសញ្ញាដូចជាឡើងកំដៅអ្វីនោះទេ ឬអាចថាគាត់លេបថ្នាំក៏មិនច្បាស់ដែរ ហើយក្រុមគ្រូពេទ្យធ្វើការស្កែនក៏មិនមានឡើងកំដៅ ក្រោយមកពួកគាត់ក៏បានជួលឡានតាក់ស៊ី ជិះដាច់តែឯងតាមច្រកប៉ោយប៉ែត ហើយមកដល់ខេត្តសៀមរាប។ ពេលមកដល់មន្ទីរពេទ្យខេត្តសៀមរាប ជនជាតិឥណ្ឌូនេស៊ីនោះក៏បានប្រាប់ក្រុមគ្រូពេទ្យថា ពេទ្យថៃធ្វើតេស្តទៅឃើញពួកគាត់វិជ្ជមានកូវីដ១៩ ប៉ុន្តែដើម្បីបញ្ជាក់ក្រុមគ្រូពេទ្យយើងក៏បានធ្វើតេស្តម្តងទៀត ហើយលទ្ធផលឃើញថា វិជ្ជមានទាំង២នាក់មែន។ បច្ចុប្បន្នពួកគាត់ទាំង២កំពុងត្រូវបានដាក់ឲ្យសម្រាកព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យខេត្តសៀមរាប។
លោកជំទាវបានបន្ថែមទៀតថា មនុស្សដែលបានពាក់ព័ន្ធជាមួយបុរសជនជាតិឥណ្ឌូនេស៊ីទាំង២នាក់នោះមិនមានច្រើនទេ ហើយបច្ចុប្បន្នអ្នកបើកឡានតាក់ស៊ីនោះត្រូវបានក្រុមគ្រូពេទ្យរកឃើញហើយ និងបានធ្វើតេស្តរួចរាល់ដែរ កំពុងតែរងចាំលទ្ធផល៕



អត្ថបទ៖ សេម