WHO៖ ការបង្កើតវ៉ាក់សាំងកូវីដ១៩ នឹងចំណាយពេលយ៉ាងតិច ១២ ទៅ ១៨ខែ
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃសុក្រថា៖ «ឥឡូវនេះមានករណីឆ្លងវីរុស COVID-19 ច្រើនជាងកន្លះលានករណី ដែលត្រូវបានបញ្ជាក់នៅទូទាំងពិភពលោក ហើយជាង ២០,០០០នាក់បានស្លាប់»។ លោកបានពណ៌នាតួលេខទាំងនេះថាជាសោកនាដកម្មមួយ ហើយបានបន្ថែមថា ខណៈពេលដែលវ៉ាក់សាំងនៅតែត្រូវរង់ចាំយ៉ាងតិច ១២ ទៅ ១៨ខែ WHO អំពាវនាវឱ្យបុគ្គល និងប្រទេសនានា កុំព្យាយាមសាកល្បងវិធីព្យាបាលដែលគ្មានការអះអាង មកប្រើដើម្បីប្រឆាំងនឹងវីរុសឱ្យសោះ។

ក្នុងនោះផងដែរអ្នកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសនៃកម្មវិធីបន្ទាន់របស់អង្គការសុខភាពពិភពលោកបាននិយាយថា មនុស្សវ័យក្មេងភាគច្រើនមានរោគសញ្ញាតិចតួច ប៉ុន្តែអ្នកខ្លះបានធ្លាក់ខ្លួនឈឺ ឬស្លាប់។ អ្នកស្រីបាននិយាយថា ទោះបីជាមានរោគសញ្ញាស្រាលក៏ដោយ ក៏យុវជនអាចចម្លងវីរុសទៅមនុស្សដែលងាយរងគ្រោះ ដែលអាចឈានដល់ជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ដូច្នេះហើយអ្នកស្រីបានជំរុញឱ្យប្រជាជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារការឆ្លង ដោយធានាអនាម័យដៃ និងការនៅឱ្យឆ្ងាយពីគ្នា៕


អត្ថបទ៖ លីដា
ប្រភព៖ NHK