កូវីដ-១៩

BREAKING NEWS! ថៃមានអ្នកស្លាប់ដោយសារ កូវីដ១៩ បន្ថែម ១នាក់ទៀត ខណៈរកឃើញអ្នកឆ្លងថ្មី ១០៩នាក់

BY
autoadmin
March 28, 2020

មន្ត្រីរដ្ឋាភិបាលថៃបាននិយាយនៅថ្ងៃសៅរ៍នេះថា មានអ្នកជំងឺម្នាក់ទៀតបានស្លាប់ដោយសារ COVID-19 ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសថៃកើនឡើងដល់ ៦នាក់ ។ លទ្ធផលនៃការធ្វើតេស្តនៅមន្ទីរពិសោធន៍ ក៏បានបញ្ជាក់ពីការឆ្លងថ្មីចំនួន ១០៩នាក់ ផងដែរ។ ឥឡូវនេះប្រទេសថៃមានចំនួនអ្នកឆ្លង COVID-19 ប្រហែល ១,២០០ករណី។ អ្នកស្លាប់ថ្មីចុងក្រោយនេះជាបុរសអាយុ ៥០ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែម ហើយមិនមានព័ត៌មានលម្អិតផ្សេងទៀតអំពីគាត់ទេ។

ព័ត៌មាននេះត្រូវបានប្រកាសភ្លាមៗ នៅពេលដែលអាជ្ញាធរកំពុងអំពាវនាវដល់អ្នករស់នៅទីក្រុងបាងកក ឱ្យស្នាក់នៅក្នុងផ្ទះនៅចុងសប្តាហ៍នេះ។ ក្រុមមន្រ្តីបាននិយាយថា ប្រសិនបើវិធានការណ៍តឹងរឹងនៃការរក្សាគំលាត (social distancing) ត្រូវបានអនុម័តជាទូទៅ វានឹងជួយបង្វែរការឆ្លងរាលដាលនៃវីរុសនេះ។ អ្នកនាំពាក្យ Taw Tawin Visanuyothin ក៏បានទទូចដល់សហគមន៍ក្នុងតំបន់ កុំឱ្យប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការដាក់អ្នកឆ្លងវីរុសនៅតាមមន្ទីរពេទ្យក្នុងតំបន់របស់ពួកគេ។

ការតវ៉ាតូចមួយបានផ្ទុះឡើងនៅក្នុងស្រុក Bang Bon នៃទីក្រុងបាងកកកាលពីយប់មិញ ដែលមេដឹកនាំសហគមន៍ទាមទារឱ្យមន្ទីរពេទ្យក្នុងតំបន់ដកអ្នកឆ្លង COVID-19 ចេញពីទីនោះ ដោយលើកឡើងពីកង្វល់សុខភាព។ លោក Taweesin មានប្រសាសន៍ថា៖«យើងបានឃើញការព្យាករណ៍ថា ចំនួនអ្នកជំងឺអាចកើនឡើងរាប់ពាន់នាក់នាពេលអនាគត។ ដូច្នេះយើងមិនអាចរើសអើងគ្នាបានទេ»៕

អត្ថបទ៖ លីដា
ប្រភព៖ Khaosod English

Share This Post: