ព័ត៌មានជាតិ

បាត់កូនស្រីវ័យ១៥ឆ្នាំ ម្ដាយស្រែកយំប្រកាសរកកូនផ្អើលបណ្ដាញសង្គម ពេលនេះរកឃើញវិញហើយ គឺកូនស្រីរត់ចេញពីផ្ទះ ដោយសារខឹងម្តាយស្តីបន្ទោសមហាមិនឲ្យលេងឆាតហ្វេសប៊ុកច្រើនពេក

BY
Khmernote Media
March 28, 2020

រាជធានីភ្នំពេញ៖ កូនស្រីវ័យ១៥ឆ្នាំបាត់ខ្លួនចេញពីផ្ទះទាក់ទងមិនបាន ដើររកមិនឃើញ ធ្វើឲ្យម្ដាយមានការព្រួយបារម្មណ៍ពីសុវត្ថិភាពគ្រប់បែបយ៉ាង ហើយភ័យស្ទើរស្ទះទ្រូង ស្រែកយំប្រកាសរកកូនតាមបណ្ដាញទំនាក់ទំនងផ្សេងៗ ហើយរាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចេញជួយរកមួយល្ងាច និងទាក់ទងបណ្ដាញសារព័ត៌មានជួយផ្សព្វផ្សាយចែករំលែកបន្តបន្ទាប់គ្នា បង្កការភ្ញាក់ផ្អើលឡើងដល់អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ជួយចែកចាយគ្នារាប់ពាន់នាក់ផងដែរ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៤:០៥នាទីល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះម្ដាយជនរងគ្រោះ មានឈ្មោះ លី ឃាង អាយុប្រហែល៣៧ឆ្នាំ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសម្ដីស្ត្រីជាម្ដាយបានរៀបរាប់ប្រាប់សហការីខ្មែរណូតដូច្នេះថា កូនស្រីរបស់គាត់ អាយុ១៥ឆ្នាំហើយ នាងស្លូតបូតណាស់ ហើយនៅមុនពេលបាត់ពីផ្ទះទៅនោះ ប្អូនស្រីរបស់ខ្លួនដែលត្រូវជាមីង បានស្ដីឲ្យបន្តិចបន្តួច ដោយហាមមិនអោយកូនស្រីគាត់ លេងឆាតហ្វេសប៊ុកច្រើនពេកទេ ព្រោះបារម្មណ៍ខ្លាចក្មួយ ចាញ់បោកសម្ដីលួងលោមក្មេងប្រុសៗខូចៗ បបួលធ្វើសង្សារផ្ដេសផ្ដាស ល្បួងទៅណាបាត់នោះ ទើបបិទ Block Chat ចោលទៅ ទើបធ្វើឲ្យកូនស្រីរបស់គាត់ខឹង តែមិនដឹងថាចេញពីផ្ទះទៅពេលណាទេ ។

ស្ត្រីជាម្ដាយបន្តថា ពេលគាត់ត្រលប់មកពីធ្វើការវិញ ដល់ផ្ទះមិនឃើញកូន ហើយទូរស័ព្ទជាច្រើនដង មិនអាចទាក់ទងបាន ហើយប្អូនស្រីគាត់ប្រាប់ថា ទើបស្ដីឲ្យនិងហាមមិនអោយលេងហ្វេសប៊ុក តែមិនដឹងទៅណាទេ ទើបនាំគ្នាដើររក តែរកមិនឃើញ ចេះតែធ្វើអោយចិត្តកាន់តែព្រួយបារម្មណ៍ពីសុវត្ថិភាពគ្រប់បែបយ៉ាងចំពោះកូនរបស់ខ្លួន ធ្វើឲ្យគាត់ភ័យស្ទើរស្ទះទ្រូង ស្រែកយំប្រកាសរកកូនតាមបណ្ដាញទំនាក់ទំនងផ្សេងៗ WhatApp និង Group បងប្អូនអ្នកសារព័ត៍មាន Group Telegram និងបណ្ដាញសង្គមហ្វេសប៊ុកផ្សេងៗ ហើយរាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម អោយជួយរក និងប្រទះឃើញភិនភាគកូនស្រីរបស់គាត់ ជួយឃាត់ហើយទាក់ទងមកគាត់ផង និងទាក់ទងបណ្ដាញសារព័ត៌មានជួយផ្សព្វផ្សាយចែករំលែកបន្តបន្ទាប់គ្នា បង្កការភ្ញាក់ផ្អើលឡើងដល់អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ជួយចែកចាយគ្នារាប់ពាន់នាក់ផងដែរ។

ដំណឹងប្រកាសរកកូនស្រីនេះ ក៏ត្រូវបានផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះថា “ដំណឹងបាត់ក្មេងស្រីម្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពេលនេះសមត្ថកិច្ចកំពុងតែស្វែងរក បើប្រជាពលរដ្ឋបានឃើញក្មេងស្រីដូចក្នុងភិនភាគសូមទំនាក់ទំនង 017992079 អាចទាក់ទងកូនបានច្រើនម៉ោងពេក ទើបប្រកាសរកភ្លាមៗ” ។

លុះមកទល់ព្រឹកថ្ងៃទី២៨ មិនា ឆ្នាំ២០២០នេះ កូនស្រីរបស់គាត់ បានរកឃើញហើយ ដោយពុំមានគ្រោះថ្នាក់អ្វីឡើយ គ្រាន់តែទៅសង្ងំលេងទូរស័ព្ទ នៅផ្ទះអ្នកជិតខាងប៉ុណ្ណោះ ហើយរកឃើញតាំងពីយប់មិញម៉្លេះ តែភ្លាមៗយប់ហើយ គាត់មិនទាន់បានជូនដំណឹងដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានវិញនៅឡើយ ។

នាយប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម លោក វុធ ផូសារវ័ន្ត នៅម៉ោងជាង០៨ព្រឹក ថ្ងៃទី២៨ មីនានេះបានអោយដឹងដែរថា ក្រោយពីរាយការណ៍ជូនលោកអធិការនគរបាលខណ្ឌមានជ័យ ហើយដំណឹងនេះក៏ដឹងដល់ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសស្វែងរកដែរក្មេងស្រីនោះបន្តបន្ទាប់ផងដែរ ស្ត្រីជាម្ដាយបើកម៉ូតូដឹកកូនស្រីមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ដើម្បីបំភ្លឺប្រាប់សមត្ថកិច្ចបានដឹងថាកូនស្រីគាត់បានរកឃើញវិញហើយ និងសូមអរគុណដល់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងបណ្ដាញទំនាក់ទំនងផ្សេងៗទាំងអស់ ដែលបានចែកចាយ និងចំណាយពេលស្វែងរកកូនស្រីរបស់គាត់ ពេលនេះកូនគាត់បានរកឃើញហើយ សូមអរគុណ! ៕  

អត្ថបទ&រូបភាព៖ បងម៉េង

Share This Post: