ព័ត៌មានជាតិ

អាធំប៉ះអាធំដូចគ្នា! Ford F150 ព្រលះជាមួយ Ford F150 Raptor ត្រង់ផ្លូវបំបែកជាបួន ម្ខាងខ្ទេចមុខ ម្ខាងទៀតក្រឡាប់ផ្ញាជើង

BY
Khmernote Media
March 28, 2020

រាជធានីភ្នំពេញ ៖ រថយន្ត Ford ស៊េរីទំនើបពីរគ្រឿង ម្ខាងបើកបរដោយបុរសជនជាតិចិនម្នាក់ និងម្ខាងទៀតបើកបរដោយបុរសជនជាតិខ្មែរ បានបោះពួយក្នុងល្បឿនយ៉ាងលឿន មិនបានបន្ថយល្បឿនខណៈពេលឆ្លងកាត់ផ្លូវបំបែកជាបួន ទៅបុកគ្នាពេញទំហឹង ខ្ទាតទៅគងលើបង្កាន់ដៃដែកផ្លូវក្រោមដីបាក់ខ្ទេចអស់ជាច្រើនម៉ែត្រ ក្រឡាប់ផ្ងាជើងឡើងលើ និងម្ខាងខ្ទេចមួយកំណាត់មុខយ៉ាងដំណំ រលត់ម៉ាស៊ីនបើកលែងទៅមុខ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះបានកើតឡើងកាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចទល់មុខស្ថានទូតអាមេរិក ចម្ងាយពីរមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ ប្រហែល៥០០ម៉ែត្រ ផ្លូវបំបែកជាបួន លើផ្លូវ៦១ កែងផ្លូវ៩៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានប្រាប់សហការីខ្មែរណូតបានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្តមួយគ្រឿងសេរីទំនើបម៉ាក Ford F150 ពាក់ស្លាកលេខភ្នំពេញ 2AP-9977 បើកបរតាមបណ្តោយផ្លូវ៩៥ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក Ford F150 Raptor ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BD-5080 បើកបរតាមបណ្តោយផ្លូវ៦១ ក្នុងទិសដៅពីត្បូងទៅជើង ទាំងដែលរថយន្តភាគីទាំងសងខាង បើកបោះពួយក្នុងល្បឿនលឿនដូចគ្នា ហើយមកដល់ផ្លូវបំបែកជាបួន មិនបានបន្ថយល្បឿននោះទេ ទើបចាប់ហ្វ្រាំងមិនទាន់ដូចគ្នា ទើបកើតមានគ្រោះថ្នាក់បុកគ្នាឡើងពេញទំហឹង បណ្តាលឲ្យរថយន្ត Ford F150 បើកបរដោយជនជាតិចិន រេចង្កូតវិលទៅបុកបង្កាន់ដៃផ្លូវចូលក្រោមដី អូសរបេីងដែកបង្កាន់ដៃខ្ទេចអស់ជាច្រើនម៉ែត្រ ហើយក្រឡាប់ផ្ងារជើងឡើងលើតែម្ដង ។ ចំណែកឯរថយន្ត Ford F150 Raptor ម្ខាងទៀត ក៏រងការខូចខាតខ្ទេចអស់មួយកំណាត់មុខផ្នែកខាងស្តាំផងដែរ ហើយក៏រលត់ម៉ាស៊ីនបើកទៅមុខលែងរួច ។ ចំពោះគ្រោះថ្នាក់រថយន្តទំនើបបុករថយន្តទំនើបស្ដែងៗទាំងកណ្ដាលយប់នេះ ពុំបណ្ដាលឲ្យភាគីណាមួយរងរបួសឡើយ ព្រោះសុទ្ធតែជារថយន្តស៊េរីទំនើប ផ្ទុះពោងសុវត្ថិភាពក្នុងរថយន្តទាំងអស់នោះ។

ភ្លាមៗនោះគេឃើញភាគីទាំងសងខាង ចុះមករកគ្នាដែរ តែដោយសារតែម្ខាងជាជនជាតិចិន នឹងម្ខាងទៀតជាខ្មែរ ហើយពុំមានអ្នកជួយបកប្រែ ទើបមិនអាចនិយាយចរចារគ្នា រកដំណោះស្រាយបានឡើយ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមើលផងដែរ។

មួយសន្ទុះក្រោយមកគេឃើញសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុនឹងទំនាក់ទំនងហៅសមត្ថកិច្ចជំនាញអោយមកជួយដោះស្រាយក៏ប៉ុន្តែនៅតែមិនត្រូវគ្នាទៀត ទើបប្រគល់ឲ្យសមត្ថកិច្ចវាស់វែងយកទៅទុកចាំដោះស្រាយពេលក្រោយតែម្ដងទៅ។

បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍ខណ្ឌ បានប្រគល់ឱ្យជំនាញ ចុះមកធ្វើការពិនិត្យមើលការខូចខាត និងវាស់វែង រួចស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ&ខ្មែរណូត៖ បងម៉េង ខ្មែរណូត

Share This Post: