ព័ត៌មានជាតិ

ជនជាតិវៀតណាម២នាក់ប្ដីប្រពន្ធ ត្រូវបានជនមិនស្គាល់មុខ យកកាំបិតកាប់ជាច្រើនកាំបិត បណ្ដាលឲ្យរបួសធ្ងន់ នៅស្រុកកោះធំ

BY
Khmernote Media
March 30, 2020

ខេត្តកណ្ដាលៈ ជនជាតិវៀតណាមប្ដីប្រពន្ធ២នាក់ ខណៈកំពុងដេកក្នុងតូបលក់គុយទាវរបស់ខ្លួន ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្ដសញ្ញាណម្នាក់ចូលមកកាប់ជាច្រើនកាំបិត ធ្វើជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធទទួលរងរបួសធ្ងន់ រីជនដៃដល់បានរត់គេចខ្លួនក្រោយពីធ្វើសកម្មភាពរួច ។ ករណីនេះ កើតឡើងនៅវេលាម៉ោង១និង១០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចតូបលក់ដូររបស់រងគ្រោះ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ ភេទប្រុស រីឯជនរងគ្រោះ២នាក់ ទី១-ឈ្មោះ ង្វៀង យ៉ាំងយ៉ុង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់គុយទាវ (រងរបួសធ្ងន់) ទី២-ឈ្មោះ ដង ធីយឹង ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរគុយទាវ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធនេះ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុ ។

ប្រភពដដែលបន្ដថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីលក់ដូរ និងរៀបចំទុកដាក់ឥវ៉ាន់សម្រាប់លក់ដូររួច នៅពេលយប់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធបានចូលដេកក្នុងតូបលក់គុយទាវរបស់ខ្លួន លុះមកដល់វេលាម៉ោង១រំលងអធ្រាត ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្ដសញ្ញាណម្នាក់ បានដើរចូលមកកន្លែងដេកជនរងគ្រោះ រួចយកកាំបិតកាប់ទៅលើជនរងគ្រោះទាំង២នាក់ ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ រួចហើយបានប្រតាយប្រតប់គ្នា ហើយជនរងគ្រោះជាប្រពន្ធបានស្រែកហៅអ្នកលក់ផ្លែឈើនៅក្បែរនោះឲ្យជួយ តែភ្លាមនោះ ជនសង្ស័យបានរត់គេចចេញពីកន្លែងកើតហេតុបាត់តែម្ដង ។

ចំណែកជនរងគ្រោះ ត្រូវបានអ្នកជិតខាងយកទៅសង្គ្រោះព្យាបាលនៅប្រទេសវៀតណាម។ ចំពោះករណីនេះ កំលាំងប៉ុស្តិ៍ និងកម្លាំងជំនាញស្រុក កំពុងកសាងសំណុំរឿង ដើម្បីធ្វើការស្រាវជ្រាវរកជនដៃដល់ចាត់ការតាមច្បាប់៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: