ព័ត៌មានជាតិ

ក្រសួងនឹងចាត់វិធានការចំពោះគណនីហ្វេសប៊ុក និងជនឆ្លៀតឱកាស ប្រកាសលក់ តេស្តរកកូវីដ១៩ ដែលគ្មានលេខបញ្ជិការ និងគ្មានការទទួលស្គាល់ពីក្រសួង

BY
Khmernote Media
March 30, 2020

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានគណនីហ្វេសប៊ុកចំនួន០២គឺ ១.លក់សំភារៈពេទ្យបោះដុំនៅkhmer និង២. Kheang Tun កំពុងតែផ្សាយលក់តេស្តរក Covid-19 ដែលគ្មានលេខបញ្ជិការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

ដើម្បីទប់ស្កាត់ការចម្លងការរីករាលដាលនៃជំងឺ Covid-19 ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណជនថា ក្នុងករណីបងប្អូនសង្ស័យថាមានជំងឺ Covid-19 សូមទៅពិនិត្យនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលមានគ្រូពេទ្យអាចកំណត់បានពីករណីសង្ស័យពិតប្រាកដ និងមានវិធីសាស្ត្រក្នុងការស្រង់យកវត្ថុវិភាគ ហើយចំពោះវត្ថុវិភាគទាំងអស់ត្រូវបញ្ជូនទៅធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលជាមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ទទួលស្គាល់ដោយក្រសួងសុខាភិបាល។

ក្រសួងសូមឲ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មិនត្រូវប្រើប្រាស់ តេស្តរក Covid-19 គ្មានលេខបញ្ជិការ ដែលបានផ្សព្វផ្សាយលក់តាមគណនីទាំង២ និងតាមប្រភពផ្សេងៗជាបន្តទៀត ព្រោះតេស្តរហ័សទាំងនេះ មិនអាចធានាបាននូវគុណភាពស្របតាមបទដ្ឋានកំណត់ឡើយ។ ក្រសួងនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ដែលមានជាធរមាន ចំពោះម្ចាស់គណនីប៊ុកខាងលើ និងជនឱកាសនិយមផ្សេងៗទៀត ដែលនៅតែបន្តលក់ តេស្តរក Covid-19 គ្មានគ្មានលេខបញ្ជិការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល៕

អត្ថបទ៖ សេម

Share This Post: