ព័ត៌មានជាតិ

ពលរដ្ឋស្នើដល់អាជ្ញាធរខណ្ឌមានជ័យ តាមដានស្ត្រីជនជាតិវៀតណាម ដែលឆ្លងដែនមកតាមរកប្ដី កាលពីយប់មិញផង ដើម្បីពិនិត្យឲ្យបានដឹង ចៀសវាងការចម្លងមេរោគមកប្រជាពលរដ្ឋយើង

BY
Khmernote Media
March 30, 2020

រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ មិនដឹងឈ្លោះគ្នារឿងអ្វី ប្ដីដាច់ចិត្តចុះចោល ហើយរត់ឆ្លងដែនមកប្រទេសកម្ពុជា ហើយនាងក៏ឆ្លងដែនពីវៀតណាមមកតាមរកប្ដីដែរ តែរកមិនឃើញឡើយ ហើយក៏ចេះតែដើរៗទៅ ទំនងជាអស់កម្លាំងក៏មកអង្គុយតែម្នាក់ឯងក្រោមដើមឈើមួយ លើចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ នៅជិតផ្ទះសំណាក់ ម្លិះលាភ ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាំងពីម៉ោងជាង១០ព្រឹក រហូតមកដល់ម៉ោងជាង០៩យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ទើបបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចល្បាត ដឹកនាំដោយនាយប៉ុស្តិ៍ ចុះមកសួរនាំ រហូតទើបដឹងថាជាជនជាតិវៀតណាម ទើបហៅអ្នកចេះវៀតណាម និងប្រធានភូមិចុះមកសួរនាំ រួចនាំយកទៅស្នាក់នៅទីស្នាក់ការប៉ុស្តិ៍មួយយប់សិន ចាំស្អែករងចាំខាងអន្តោប្រវេសន៍មកសាកសួរបន្តតាមជំនាញទៀត ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងបានដឹងថា នៅមុនពេលកើតហេតុ គេមិនដឹងថាស្ត្រីខាងលើជាជនជាតិអ្វីហើយមកពីណាទេ គ្រាន់តែដឹងថា ឃើញមកអង្គុយក្រោមដើមឈើ ត្រង់ចំណុចកើតហេតុខាងលើ តាំងពីម៉ោងជាង០៩ព្រឹកមកម៉្លេះ ហើយមានអ្នករត់ម៉ូតូឌុប និងចាស់ៗ ដើរទៅសួរនាំដែរ តែសួរអ្វីទៅក៏មិនឆ្លើយដែរ ក្រវីក្បាលរហូត ហើយក៏ពុំសូវមានអ្នកណាចាប់អារម្មណ៍ដែរ លុះពេលម៉ោងបាយ ក៏ឃើញនៅអង្គុយស្រងូតស្រងាត់តែម្នាក់ឯងទៀត ក៏មានចាស់ៗគាត់ហុចបាយអោយមួយប្រអប់ និងទឹកសុទ្ធមួយដបអោយស្រ្តីខាងលើនោះហូបដែរ ព្រោះឃើញមិនមាត់មិនក ក្រវីលតែក្បាល ទើបខ្លាចនាងកើតខ្យល់គ វីវរមិនខាន ។ ប្រភពដដែលបន្តថា លុះរសៀលបន្តិចក៏មានប្រជាពលរដ្ឋក្បែរនោះ ដើរទៅសួរនាំទៀត ក៏នៅតែមិននិយាយស្ដីដដែល ហើយក្រវីក្បាលដដែល ទោះជាសួរថាចង់បានអ្វី មានរឿងអ្វី ក៏នៅតែក្រវីក្បាលដដែល ទើបមានប្រជាពលរដ្ឋខ្លះ ទិញនំប៉័ងដាក់សាច់អោយ និងទឹកក្រូចអោយដែរ តែដោយសារតែប្រជាពលរដ្ឋខ្លះគាត់មានការងាររៀងខ្លួន និងខ្លះគ្រាន់តែជាអ្នករត់ម៉ូតូឌុប មិនបាននៅសួរនាំអ្វីបានយូឡើយ ក៏ទៅបន្តការងាររៀងៗខ្លួនអស់ទៅ ទើបបានជាមិនទាន់បានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ។

លុះមកដល់ម៉ោងកើតហេតុ ក៏មានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍ប្រាប់ទៅវិទ្យុABC រៀបរាប់ដំណើររឿងថាបានប្រទះឃើញស្ត្រីខាងលើទើបក្រុមការងារវិទ្យុABC ផ្ដល់ព័ត៌មានជូនកម្លាំងនគរបា់លប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោមបានដឹងផងដែរ។ មួយសន្ទុះក្រោយមក ក៏ឃើញមានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម និងក្រុមអ្នកសារព័ត៌មានចុះមកដល់ ហើយបានសួរនាំស្ត្រីខាងលើ ទាំងភាសារខ្មែរ ភាសាអង់គ្លេស និងភាសារចិន ក៏នាងមិនមាត់មិនកដដែល គ្រាន់តែក្រវីលក្បាលប៉ុណ្ណោះ ។

បន្តក្រោយមកក៏មានបុរសម្នាក់ បានដើរចូលមកសួរជាភាសារវៀតណាម ក្រែងលោនាងចេះនិយាយ គ្រាន់តែសួរភ្លាម នាងឆ្លើយភ្លាម តែឆ្លើយមួយម៉ាត់ពីរម៉ាត់ប៉ុណ្ណោះ ហើយបងប្រុសដែលចេះភាសារវៀតណាមនោះបកប្រែបានត្រួសៗថា គាត់ជាជនជាតិវៀតណាម មានវិបត្តិក្នុងគ្រួសារ តែមិនដឹងរឿងអ្វីទេ ហើយប្ដីរបស់គាត់បានចុះចោលគាត់ដោយធ្វើដំណើរឆ្លងដែនមកផ្ទះបងប្អូននៅប្រទេសកម្ពុជា ទើបគាត់ជាប្រពន្ធ បានឆ្លងដែនពីវៀតណាមមកតាមរកប្ដីដល់ប្រទេសកម្ពុជាតែម្ដង ដោយបានមករកជិតមួយអាទិត្យហើយ តែរកមិនឃើញឡើយ ហើយនាងចេះតែដើរៗទៅ មកដល់ចំណុចកើតហេតុខាងលើ ហត់ពេកក៏ចូលមកអង្គុយក្រោមដើមឈើនឹងតែម្ដង ។ ចំណែកឯបុរសម្នាក់ទៀតដែលចេះវៀតណាមច្បាស់ ដែលសមត្ថកិច្ចប៉ុស្តិ៍ហៅមកជួយបកប្រែនោះ បានសួរនាំហើយក៏សុំពិនិត្យមើលមានឯកសារអ្វីជាប់ខ្លួនខ្លះទេ តែនាងបើកកាបូបអោយមើល ឃើញមានអត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាមមួយប៉ុណ្ណោះ ដែលកើតឆ្នាំ១៩៨៨ ស្នាក់នៅជិតទីក្រុងហាណូយ ប្រទេសវៀតណាម ។

យ៉ាងណាក៏ដោយ សូមប្រុងប្រយ័ត្ន ហើយដើម្បីចូលរួមក្នុងការបង្ការ និងទប់ស្កាត់នឹងមេរោគកូវីដ១៩ ដែលទូទាំងសកលលោកកំពុងព្រួយបារម្មណ៍នោះ បងប្អូនប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរខណ្ឌ និងបងៗខាងសមត្ថកិច្ចខណ្ឌមានជ័យ និងសង្កាត់ ជួយតាមរកប្តីគាត់អោយឃើញផង ហើយដាក់ពួកគេទាំង២នាក់ប្តីប្រពន្ធ ត្រូវអោយនៅដោយឡែករយ:ពេល១៤ថ្ងៃសិនទៅ ចាំសួរនាំព័ត៌មានពេលអោយគាត់ពាក់ម៉ាសសិនក៏បាន ចៀសវាងការចម្លងមេរោគមកប្រជាពលរដ្ឋយើង សូមបងៗសមត្ថកិច្ចធ្វើការដោយប្រុងប្រយ័ត្នផង ដោយក្ដីគោរព និងសូមអរគុណ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: