ព័ត៌មានជាតិ

រថយន្ត TACOMA បើកបំពានភ្លើងស្តុបពណ៌ក្រហម ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូបែកក្បាល និងបាក់ជើងម្ខាង

BY
Khmernote Media
April 1, 2020

ភ្នំពេញ ៖ យ៉ាងហោចណាស់យុវជនម្នាក់ បានរងរបួសបែកក្បាល និងបាក់ជើងម្ខាង បន្ទាប់ពីជិះម៉ូតូឆ្លងកាត់ផ្លូវបំបែកជាបួន ត្រូវបានរថយន្ត TACOMA មួយគ្រឿង បើកបរបំពានស្តុបចរាចរណ៍(ពណ៌ក្រហម) ទៅបុកម៉ូតូពេញទំហឹង នៅចំណុចស្តុប៦០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាវេលាម៉ោង ជិត២ថ្ងៃត្រង់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ ។

ប្រភពព័ត៌មានពីអ៊ុំប្រុសដែលជាអ្នកដំណើរ ដែលបានឃើញហេតុការណ៍នោះផ្ទាល់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាក TOYOYA TACOMA ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 2A-6979 បើកបរដោយបុរសម្នាក់ និងម្នាក់ទៀតរួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្តុបក្រហមហើយ រថយន្តបង្កខាងលើ មិនបានគោរពភ្លើងស្តុបទេ ក៏ជ្រុលទៅបុកម៉ូតូម៉ាក MSX ដែលគ្មានស្លាកលេខនោះ ពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ដែលជាមនុស្សប្រុសវ័យ២០ឆ្នាំជាង បានរងរបួសបែកក្បាល និងបាក់ជើងខាងឆ្វេង ត្រូវបងប្អូនប្រជាពលរដ្ឋជួយលើកមកក្រោមម្លប់សិន ដើម្បីសង្គ្រោះបឋម បានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យដឹកយកទៅសង្គ្រោះ ។

បច្ចុប្បន្នក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយសមត្ថកិច្ចចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចុះវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: