កូវីដ-១៩

ត្រឹមតែ១ថ្ងៃសោះ អាមេរិកមានអ្នកស្លាប់ជិត ៩០០នាក់ ខណៈករណីស្លាប់សរុបជាង ៤,៤០០នាក់ហើយ

BY
autoadmin
April 2, 2020

សហរដ្ឋអាមេរិកនាថ្ងៃពុធ ទី០១ ខែមេសា មានករណី COVID-19 ត្រូវបានបញ្ជាក់ច្រើនជាង ២០០,០០០ករណី នេះបើយោងតាមការកត់ត្រាសរុបដោយសាកលវិទ្យាល័យចនស៍ហបគីនស៍ (Johns Hopkins) ។ អ្នកតាមដានជំងឺឆ្លងនៃសាកលវិទ្យាល័យនេះក៏បានបង្ហាញផងដែរថា វីរុសនេះបានសម្លាប់មនុស្សចំនួន ៨៨៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នៅសហរដ្ឋអាមេរិក ដែលវាជាកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសនេះ។

វីរុស COVID-19 រហូតដល់ពេលនេះ បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ៤,៤៧៥ នាក់នៅសហរដ្ឋអាមេរិក ខណៈចំនួនឆ្លងសរុបគឺ ២១៣,៣៧២នាក់ ខ្ពស់ជាប្រទេសណាទាំងអស់នៅលើពិភពលោក ដោយការរាប់របស់សាកលវិទ្យាល័យចនស៍ហបគីនស៍។ ចំនួនករណីដែលបានរាយការណ៍ បានកើនឡើងចំនួន ២៥,២០០នាក់ ក្នុងរយៈពេល ២៤ម៉ោង នៅសហរដ្ឋអាមេរិក។

ប៉ុន្តែយ៉ាងណាអាមេរិកមិនទាន់វ៉ាដាច់ចំនួនស្លាប់ច្រើនជាងគេក្នុង១ថ្ងៃនៅឡើយទេ មានតែប្រទេសអ៉ីតាលីប៉ុណ្ណោះជាមួយនឹងកំណត់ត្រាស្លាប់ ៩៦៩នាក់ កាលពីថ្ងៃទី២៧ ខែមីនា។ រដ្ឋញូវយ៉កគឺជាចំណុចកណ្តាលនៃការរាតត្បាតនៃវីរុស COVID-19 របស់សហរដ្ឋអាមេរិក ដែលយ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន ១,៩០០នាក់ ត្រូវបានកត់ត្រានៅទីនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ CNA

Share This Post: