ជញ្ជូនឥវ៉ាន់អស់ជិតកន្លះផ្ទះ ព្រោះតែអគ្គិភ័យឆេះស្មៅងាប់ៗ និងសំរាមដែលគេបោះចោល លើមាត់លូបង្ហូរទឹក ស្ថានីយ៍បូមទឹកបឹងទំពន់
រាជធានីភ្នំពេញ ៖ អ្នករើសអេតចាយ ដុតខ្សែភ្លើងយកស្ពន់ នៅលើគំនគរសំរាម និងស្មៅងាប់ៗ ជាប់ស្ថានីយ៍បូមទឹកស្អុយបឹងទំពន់ ឆេះរាលដាលចេញជាអណ្ដាតភ្លើង ហើយនាំគ្នារត់បាត់អស់ ផ្អើលម្ចាស់ផ្ទះដែលនៅជាប់នោះ ភ្ញាក់ពីដំណេកមកភ័យស្លន់ស្លោអូសទូរដាក់ទូរស័ព្ទ និងជញ្ជូនឥវ៉ាន់ចេញអស់ជិតកន្លះផ្ទះហើយ ទើបត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី១ ខណ្ឌមានជ័យ កំពុងល្បាតក្នុងមូលដ្ឋាន ចេញជួយពន្លត់ដែរ តែមិនរលត់ ក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ ហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង មកបាញ់ពន្លត់បានទាន់ពេល ត្រឹមតែមួយចម្អិនកំពឹសក៏រលត់ទៅវិញ កាលពីវេលាម៉ោង០២:០៥នាទីទាបភ្លឺ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី០២ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចគំនរសំរាម និងស្មៅត្រែងងាប់ៗរបស់ស្ថានីយ៍បូមទឹកស្អុយ(បឹងទំពន់) ក្បែរផ្ទះទិញ-លក់ និងជួសជុលទូរស័ព្ទមួយកន្លែង យីហោ ហេងហេង-១៦៨ លើផ្លូវទំនប់ថ្មី(៣៧១) ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ព្រំប្រទល់សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប់តាមសម្ដីលោកពូម្នាក់ដែលជាអ្នករត់ម៉ូតូឌុប និងរស់នៅមិនឆ្ងាយពីទីតាំងនោះបានបញ្ជាក់ថា ជុំវិញបញ្ហាសំរាមគរជាគំនរបែបនេះ គឺមានអ្នកយកទៅចោលបន្តបន្ទាប់គ្នា ដោយមិនដឹងថាក្រុមរថយន្តក្រុមហ៊ុនស៊ិនទ្រីប្រមូលសំរាមឆ្លងកាត់នោះ ជួយប្រមូលយ៉ាងម៉េចទេ បើអ្នកបោះចោលតាំងពីលើបេតុងទ្វារបិទបើកលូបង្ហូរទឹកស្អុយ រហូតដល់ក្រោមចំណោតជាប់របងលូបង្ហូរទឹកស្អុយ មិនត្រឹមតែប៉ុណ្ណោះ សំរាមទាំងនោះមានបងប្អូនអ្នកលក់ដូរតាមរទេះផ្សេងៗ និងអ្នកលក់ដូង តែងតែយកមកចោលទាំងបាវៗ ទម្លាក់ចុះទៅចំណោតខាងក្រោមនោះ ទើបគរជាគំនរកាន់តែច្រើនឡើងៗតែម្តងទៅ ដែលនេះជាកត្តាបង្កផលប៉ះពាល់ដល់បរិស្ថានអនាម័យតាមដងផ្លូវសាធារណៈ ជាពិសេសប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរតំបន់ទាំងនោះ ត្រូវទទួលរងក្លិនមិនល្អពីលូទឹកស្អុយហើយត្រូវរំខានដោយសារសំរាមដែលឆេះមកពីរឿងហេតុនេះទៀត ប្រជាពលរដ្ឋនិងអ្នករស់នៅក្បែរនោះ ស្នើដល់អាជ្ញាធរខណ្ឌដង្កោ ជាពិសេសលោកចៅសង្កាត់ដង្កោ មេត្តាចាត់ឲ្យភ្នាក់ងារប្រមូលសំរាមចុះពិនិត្យមើលផលប៉ះពាល់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផង ព្រោះគេមិនដែលឃើញចុះពិនិត្យមើលបន្តិចសោះឡើយ ឬបញ្ហាសំរាមប៉ុណ្ណឹង ទាល់តែលោកស្រីអភិបាលខណ្ឌបញ្ជា ទើបដុតដៃដុតជើងធ្វើ? តែបើពុំមានថ្នាក់លើបញ្ជា ឬណែនាំទេ ទោះគំនរសំរាមក្លាយជាភ្នំ ប្រហែលមិនខ្វល់ផងមើលទៅ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេតែងតែឃើញអ្នករើសអេតចាយ២នាក់ ជិះកង់សណ្ដោងរទេះអេតចាយ បាននាំគ្នាយកខ្សែភ្លើងមកដុត នៅចំណោតខាងក្រោមជាប់របងស្ថានីយបូមទឹកស្អុយកើតហេតុខាងលើ ដើម្បីយកស្ពន់ទៅលក់អេតចាយ តែភ្លើងឆេះជ័រខ្សែភ្លើងហុយទ្រលោម មួយសន្ទុះក្រោយមកក៏រាលដាលជាឆេះស្មៅងាប់ៗ និងសំរាមផ្សេងៗ ចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅឡើងតែម្ដង ហើយអ្នករើសអេតចាយទាំងពីរនាក់នោះ ក៏រត់ឡើងមកលើវិញ រួចប្រញាប់ធាក់កង់សណ្ដោងរទេះអេតចាយចេញទៅបាត់ ។
ប្រភពដដែលបន្តថា មិនបានប៉ុន្មានផងភ្លើងឆេះកាន់តែកៀកជញ្ជាំងផ្ទះលក់ទូរស័ព្ទ ធ្វើឲ្យក្រុមគ្រួសារម្ចាស់ផ្ទះលក់ទូរស័ព្ទ ស្រែកឆោឡោ ភ្លើងឆេះហើយៗ ទើបឃើ់ញក្រុមគ្រួសារដែលនៅក្នុងផ្ទះលក់ទូរស័ព្ទនោះ នាំគ្នាភ្ញាក់ពីដំណេកមក ភ័យស្លន់ស្លោ អូសទូរកញ្ចក់ដាក់តាំងលក់ទូរស័ព្ទ រួមទាំងម៉ូតូយកចេញទៅក្រៅ និងជញ្ជូនឥវ៉ាន់ផ្សេងៗ ចេញទៅទុកខាងក្រៅអស់ជិតកន្លះផ្ទះហើយ ទើបឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ខណ្ឌមានជ័យ កំពុងល្បាតក្នុងមូលដ្ឋាន ឃើញផ្សែងហុយខ្លាំងពេកក៏ចេញជួយអន្តរាញមន៍ និងជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរ តែមិនរលត់ ក៏ទាក់ទងប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ ហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង របស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ប្រចាំការនៅខណ្ឌដង្កោ ចេញជួយអន្តរាគមន៍បាញ់ពន្លត់អស់ទឹកតែកន្លះឡាន មិនបានមួយចម្អិនកំពឹសក៏រលត់ទៅវិញ ដោយមិនមានការខូចខាតសម្ភារៈអ្វីឡើយ គ្រាន់តែធ្វើឲ្យម្ចាស់ផ្ទះភ័យប្រហោងពោះមិនស្ទើរទេ ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត