ព័ត៌មានជាតិ

រថយន្តកុងតឺន័រ២គ្រឿងបើកប្រដេញគ្នាយ៉ាងលឿន ជ្រុលបុកកុងតឺន័រដូចគ្នា និងបន្តបុករថយន្តបែនដឹកដីមួយទៀតពេញទំហឹង ខ្ទេចមួយកំណាត់មុខ កៀបជាប់ទាំងតៃកុងរបួសធ្ងន់

BY
Khmernote Media
April 3, 2020

រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រពីរគ្រឿងបើកប្រដេញគ្នាក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តបែនដឹកដីពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រខ្ទេចមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ១(ចំណុចផ្លូវកោង) ក្នុងភូមិក្ដីតាកុយ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-5995 បានបើកប្រដេញជាមួយនឹងរថយន្តកុងតឺន័រមួយគ្រឿងទៀត ក្នុងល្បឿនយ៉ាងលឿន តាមបណ្ថោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតបុកពីក្រោយរថយន្តបែនដឹកដីមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-9257 ចំយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រ ខ្ទេចមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររថយន្តកុងតឺន័ររងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។

បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅបានចុះមកដល់កន្លែងកើតហេតុ ក៏បានទាក់ទងទៅខាងជំនាញចុះមកវាស់វែង និងយករថយន្តទាំងពីរទៅរក្សារទុកនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនិតិវិធីច្បាប់៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: