ព័ត៌មានជាតិ

បោះពួយម៉ូតូលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូកង់បីបើកឆ្លងផ្លូវពេញទំហឹងលើផ្លូវ៦0ម៉ែត្រ ស្លាប់អ្នកបើកម៉ូតូ និងរបួសធ្ងន់ស្រាល ៤នាក់ទៀត

BY
Khmernote Media
April 4, 2020

រាជធានីភ្នំពេញ៖ បែកទាំងមួកការពារសុវត្ថិភាពទៀត មិនធម្មតាទេ បុរសម្នាក់បានបោកក្បាលស្លាប់នៅកន្លែងកើតហេតុ ខណៈមនុស្សប្រុសស្រី ៤នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារតែពួកគេទាំងនោះ បានជិះម៉ូតូ Suzuki Let’s ឌុបគ្នា៣នាក់ ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូកង់បីអ្នកលក់ស្លាបមាន់និងសាច់គោអាំងមួយគ្រឿងទៀត កំពុងបើកឆ្លងផ្លូវពេញទំហឹង លើកំណាត់ផ្លូវ៦០ម៉ែត្រ ជិតមាត់ច្រកចូលផ្លូវបេតុង (ក្រោយផ្សារក្រមួន) កាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានឲ្យដឹងថា សពបុរសរងគ្រោះមានឈ្មោះ ម៉ែន ពៅ ហៅវ៉ាង អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតភូមិត្រាពាំងតុំ ឃុំចន្ត្រី ស្រុករមាស់ហែក ខេត្តស្វាយរៀង ។ ទី២.ឈ្មោះ សោម ចិន្តា ភេទប្រុស ជាអ្នកជិះពីក្រោយរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជន មកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកទី៣. អ្នកជិះម៉ូតូពីក្រោយ(មិនស្គាល់អត្តសញ្ញាណ) រងរបួសស្រាល គេចខ្លួនបាត់ អ្នកទាំងពីរជិះម៉ូតូជាមួយបុរសរងគ្រោះ ម៉ាកស៊ុយស៊ុគីឡែត (Suzuki Let’s) ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 1M-4027 ។

ដោយឡែកខាងម៉ូតូកង់បីជាអ្នកលក់ស្លាបមាន់ និងសាច់គោអាំង (ម៉ូតូម៉ាក ហ្សីរ៉ូស សណ្ដោងកន្ទុយកង់បីមិនពាក់ស្លាកលេខ) ដែលមានគ្នា២នាក់ បើកបរដោយបុរសម្នាក់ និងស្ត្រីម្នាក់រួមដំណើរលើកង់បីជាមួយគ្នា (មិនស្គាល់អត្តសញ្ញាណ) គ្រាន់តែដឹងថា អ្នកបើករងរបួសស្រាល និងស្ត្រីដែលរួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជន មកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់រួមនិងស្ត្រីម្នាក់បានបើកម៉ូតូកង់បីខ្មែរ ដឹកឥវ៉ាន់លក់ដូរស្លាបមាន់ និងសាច់គោអាំង នៅក្បែរផ្លូវបេតុងក្រោយផ្សារក្រមួន បានបើកឆ្លងផ្លូវបញ្ឆិតក្នុងទិសដៅ ពីជើងទៅត្បូង ស្របពេលដែលកំពុងបើកឆ្លងបានបន្តិច ក៍ស្រាប់តែបុរសបីនាក់ បានជិះម៉ូតូ Suzuki Let’sពណ៌សខាងលើ បានធ្វើដំណើរបោះពួយតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿន ហើយចាប់ហ្វ្រាំងមិនទាន់ ក៍ជ្រុលទៅបុកនិងម៉ូតូកង់បីខាងលើចំពាក់កណ្ដាលកង់បីពេញទំហឹង បណ្តាលឲ្យម៉ូតូដែលជិះគ្នាបីនាក់ខ្ទេចផែ្នកខាងមុខយ៉ាងដំណំ និងធ្វើឲ្យអ្នកបើកម៉ូតូ ផ្លោងបោកក្បាលចូលក្រោមម៉ូតូកង់បី បាក់កស្លាប់មួយរំពេចនៅកន្លែងកើតហេតុ ចំណែកអ្នកអង្គុយខាងក្រោយ រងរបួសធ្ងន់ ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ដោយឡែក ខាងម៉ូតូកង់បីវិញ បុរសម្នាក់ស្ត្រីម្នាក់ រងរបួសតិចតួច បានគេចចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុកម៉ូតូកង់បីដែលរងការខូចខាត បាក់កង់មួយចំហៀងនៅកន្លែងកើតហេតុ ។ ក្នុងហេតុការណ៍នេះដែរ ភ្លាមៗ ក៍ឃើញមានសមត្ថកិច្ចមូលដ្ឋានក៍ដូចជាជំនាញចរាចរណ៍ខណ្ឌមានជ័យបានចុះទៅពិនិត្យកន្លែងកើត រួចហើយក៍បានទំនាក់ទំនងរកសាច់ញាតិរបស់ជនរងគ្រោះផងដែរ ។

ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងភ្នំពេញ អោយចុះទៅកន្លែងកើត បានចុះធ្វើលិខិតប្រគល់សពជនរងគ្រោះ អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ខេត្តស្វាយរៀង ចំនែកមធ្យោបាយទាំង២គ្រឿង ត្រូវបានប្រគល់ឲ្យជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតិវិធី ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: