ទីតាំងជល់មាន់ទំនើបទើបលួចសាងសង់ប្រក់ដំបូលស័ង្កសីយ៉ាងស្អាត បើកទទួលភ្ញៀវភ្លាម កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះបង្ក្រាបភ្លែត
រាជធានីភ្នំពេញ ៖ ពិតជាខ្លាំងមែន! ម្ចាស់ទីតាំងជល់មាន់មួយកន្លែងនេះ ហ៊ានបើកលេងល្បែងស៊ីសង មិនខ្លាចជំងឺ (COVID-19) សោះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្ដេចអគ្គសេនាបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទៀតផង ។

បើយោងតាមសេចក្ដីរាយការណ៍(បឋម)បានអោយដឹងថា ទីតាំងសង្វៀនមួយនេះស្ថិតនៅក្នុងដីឡូត៍ចំការស្វាយមួយកន្លែង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលទើបនឹងសាងសង់ប្រក់ដំបូលរួចភ្លាម និងបើកដំណើរការទទួលស្វាគមន៍ភ្ញៀវចូលលេងមិនទាន់បានស្រួលបួលផង ស្រាប់តែនៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០នេះ ក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះទៅបង្ក្រាបតែម្ដង។
សេចក្ដីរាយការណ៍បឋមបានអោយដឹងថា ក្នុងការចុះបង្ក្រាបនោះជាក់ស្ដែង ពួកក្រុមអ្នកលេងល្បែងទាំងនោះ ហាក់បីដូចដឹងក្លិនមុន នាំគ្នារត់គេចអស់ ដោយបន្សល់ទុកសំភារៈមួយចំនួនប៉ុណ្ណោះ ហើយរថយន្តចំនួន៨គ្រឿង និងម៉ូតូជាង២០គ្រឿង ក្នុងនោះមានម៉ូតូជាងសំណង់ប៉ុន្មានគ្រឿងក្នុងនោះដែរ តែត្រូវកម្លាំងយកទៅរក្សាទុក នៅសាលាខណ្ឌច្បារអំពៅ ដើម្បីសាកសួរ ចាត់ការតាមនិតីវិធីច្បាប់ ៕ (រងចាំព័ត៌មានបន្ថែម)
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត








