ខ្លាមួយក្បាលនៅក្នុងសួនសត្វអាមេរិក បានតេស្តវិជ្ជមានចំពោះវីរុសកូវីដ១៩
Nadia ជាសត្វខ្លាមួយក្បាលនៅសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉ក បានក្លាយជាសត្វខ្លាដំបូងបង្អស់ ដែលធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 ។ សួនសត្វ Bronx នៃសមាគមអភិរក្សសត្វព្រៃបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សត្វខ្លាម៉ាឡេយ៉ាន (Malayan tiger) ភេទញី អាយុ ៤ ឆ្នាំមួយនេះ ត្រូវបានគេធ្វើតេស្តវិជ្ជមាន បន្ទាប់ពីមានការក្អកស្ងួត ហើយពួកគេរំពឹងថា ខ្លានេះនឹងជាសះស្បើយឡើងវិញ។

ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានឱ្យដឹងថា សំណាកពី Nadia ត្រូវបានគេយកទៅធ្វើតេស្ត បន្ទាប់ពីវា និង សត្វខ្លា និងសត្វតោ ចំនួន ៥ក្បាល ផ្សេងទៀតនៅសួនសត្វ បានចាប់ផ្តើមបង្ហាញរោគសញ្ញា។ វាមិនច្បាស់ទេថាវីរុស COVID-19 បានឆ្លងទៅ Nadia តាមរបៀបណា ទាំងដែលការពិតវាជាសត្វ ហើយអាចមានប្រតិកម្មខុសគ្នាពីមនុស្សចំពោះវីរុស COVID-19 ប៉ុន្តែខាងមន្ត្រីនឹងតាមដានករណីនេះបន្ដទៀត។
យោងតាមសួនសត្វបានឱ្យដឹងថា សត្វទាំងនេះបានឆ្លងវីរុសពីបុគ្គលិកសួនសត្វម្នាក់ ដែលគាត់ឆ្លងមេរោគប៉ុន្តែគ្មានចេញរោគសញ្ញា (asymptomatic) ។ ហើយសួនសត្វ Bronx ត្រូវបានបិទជាសាធារណៈ តាំងពីថ្ងៃទី១៦ ខែមីនា កន្លងទៅមកម៉្លេះ។ យ៉ាងណាមិញក្រសួងសុខាភិបាលបានណែនាំថា អ្នកណាដែលឈឺដោយសារវីរុសនេះ ត្រូវកាត់បន្ថយការទាក់ទងជាមួយសត្វ រួមទាំងសត្វចិញ្ចឹមផងដែរ រហូតដល់មានព័ត៌មានបន្ថែមអំពីវីរុសនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ CNN