ក្មេងៗ! ចេញឆក់កាបូបពីស្ត្រីបរទេសកំពុងដើរតាមផ្លូវ មិនបានសម្រេច ជិះរត់គេចទៅជួបកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ និងប៉ុស្តិ៍កំពុងល្បាត តាមចាប់បានទាំង២នាក់
រាជធានីភ្នំពេញ ៖ ចោរឆក់វ័យក្មេង២នាក់ ចេញធ្វើសកម្មភាព ឆក់កាបូបស្ពាយ ពីស្ត្រីបរទេសម្នាក់ ដែលកំពុងដើរតាមផ្លូវជាមួយមិត្តប្រុស២នាក់ទៀត តែមិនបានសម្រេច ហើយជិះគេចខ្លួន ស្របពេលកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ កំពុងល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើសប្រទះឃើញទើបចេញអន្តរាគមន៍ប្រដេញតាមឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់ភ្លាមៗ ។

ការឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តិបទល្មើសជាក់ស្ដែងបែបនេះ ធ្វើឡើងកាលពីវេលាម៉ោង០៤:៤៣នាទីល្ងាច ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវក្រោយស្ថានទូតរុស្ស៊ី កែងផ្លូវសបិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយឃាត់ខ្លួនបាននៅចំណុចជិតស្តុប ផ្លូវឡើងស្ពានហង្ស កែងផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន០២នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ទី១.ឈ្មោះ យ៉ង សុខអូរ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបររត់តុការ ស្នាក់នៅផ្ទះជួលក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី២.ឈ្មោះ សួន ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមលោក តូ បុណ្យនុរាជ្យ នគរបាលប៉ុស្តិ៍ទន្លេបាសាក់បានប្រាប់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ កំពុងល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ស្រាប់តែឃើញជនសង្ស័យទាំងពីរនាក់ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនបរទេសម្នាក់ កំពុងដើរតាមផ្លូវជាមួយបុរសបរទេស២នាក់ទៀត តែមិនបានសម្រេច នៅចំណុចផ្លូវក្រោយស្ថានទូតរុស្ស៊ី កែងផ្លូវសបិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ហើយបានជិះរត់គេចខ្លួនរហូតត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ កំពុងល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ប្រដេញតាមឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់ភ្លាមៗ នៅចំណុចស្តុប ផ្លូវឡើងស្ពានហង្ស កែងផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួចបញ្ជូនទៅធ្វើការសាកសួរបន្ត នៅស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់ ។
សមត្ថកិច្ចចាប់ដកហូតសម្ភារៈដូចជា ម៉ូតូចំនួន ០១គ្រឿង ម៉ាក Honda Zoomer X ពណ៍ខ្មៅ ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1GH-8106 ខាងលើនេះ ។ បច្ចុប្បន្នខាងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានប្រគល់ជនសង្ស័យទាំងពីរ ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត





