ព័ត៌មានជាតិ

គណៈសង្ឃនាយក ចេញសេចក្តីជូនដំណឹង ដល់គ្រប់វត្តទាំង២៥ រាជធានីខេត្តអោយផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំ និងអោយពុទ្ធបរិស័ទ ភាវនា រក្សាសីលតាមផ្ទះរៀងខ្លួន

BY
Khmernote Media
April 7, 2020

នៅមុននេះបន្តិចគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយទៅកាន់គ្រប់វត្តទាំង២៥ រាជធានី-ខេត្ត ស្តីពីការផ្អាកការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដោយសារតែជម្ងឺ កូវីដ-១៩។ ក្នុងសេចក្តីជូនដំណឹងនេះដែរ គណៈសង្ឃនាយក តម្រូវអោយចៅអធិការគ្រប់វត្តទាំង២៥ រាជធានី-ខេត្ត អោយផ្អាកការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃច័ន្ទ ៦រោច ដល់ថ្ងៃប្រហស្បត្តិ៍ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីចៀសវាងកុំឱ្យមានការប្រមូលផ្តុំមនុស្សម្នាច្រើន។

ទន្ទឹមនឹងគ្នានេះដែរ គណៈសង្ឃនាយកក៏បានអំពាវនាវអោយពុទ្ធបរិស័ទគ្រប់រូប ចម្រើនមេត្តាភាវនាចំពោះសព្វសត្វទាំងពួង បំពេញបុណ្យកុសល រក្សាសីលតាមប្រពៃណីឱ្យបានជាប់ជានិច្ច និងរៀបចំគ្រឿងសក្តារបូជា មានទៀនធូបផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនំចំណី ផ្លែឈើជាដើម ព្រមទាំងរៀបចំទទួលស្វាគមន៍ទេវតាឆ្នាំថ្មី នៅគេហដ្ឋានរៀងៗខ្លួន៕

Share This Post: